(អង់ការ៉ា)៖ ខ្សែបម្រើស្លាបអន្តរជាតិហ្គាណា Christian Atsu ត្រូវបានគេរកឃើញថានៅរស់រានមានជីវិត បន្ទាប់ពីត្រូវបានកប់នៅក្រោមកម្ទេចថ្មក្នុងគ្រោះរញ្ជួយដី ដែលបានវាយប្រហារប្រទេសតួកគីនាពេលថ្មីៗនេះ។ នេះបើតាមការបញ្ជាក់ពីអនុប្រធានក្លិបតួកគី Hatayspor ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។

កីឡាករ Atsu ដែលបច្ចុប្បន្នលេងឲ្យក្លិប Hatayspor នោះ ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួននៅខេត្ត Hatay ភាគខាងត្បូងប្រទេសតួកគី បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ ដែលបច្ចុប្បន្នរូបគេកំពុងសម្រាក់នៅមុន្ទីពេទ្យ។

«Christian Atsu ត្រូវបានទាញចេញមកដោយមានរបួស។ នាយកផ្នែកកីឡារបស់យើង លោក Taner Savut គឺគួរឲ្យសោកស្តាយ កំពុងស្ថិតនៅក្រោមគំនរកម្ទេចថ្មនៅឡើយ» នេះបើតាមអនុប្រធានក្លិប លោក Mustafa Ozak បានលើកឡើង។

Atsu វ័យ ៣១ឆ្នាំ ធ្លាប់លេងនៅលីគកំពូលអង់គ្លេស Premier League ក្នុងក្លិបសារិកាព្រៃ Newcastle United និង Everton ដោយផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងមកពី Chelsea ហើយបានចូលរួមជាមួយក្លិប Hatayspor កាលពីខែកញ្ញាឆ្នាំមុន។

លោកបានចូលលេងប្រកួតទី៦០ ឲ្យជម្រើសជាតិហ្គាណាកាលពីខែកញ្ញា ឆ្នាំ២០១៩ ប៉ុន្តែលោកបានចូលនិវត្តន៍ក្រៅផ្លូវការហើយពីក្រុមជម្រើសជាតិរហូតដល់បច្ចុប្បន្ននេះ៕