(ប៉ារីស)៖ ក្លិបបាល់ទាត់ Paris Saint-Germain​ កំពុងស្ថិតក្រោមការស៊ើបអង្កេតមួយ ដោយក្រុមរដ្ឋអាជ្ញាបារាំង ពីបទប្រព្រឹត្តខុសនឹងច្បាប់ការងារ តាមរយៈមិនបានប្រកាសប្រាប់ឲ្យគេដឹង។ នេះបើតាមការបញ្ជាក់ពីការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។

«បន្ទាប់ពីទទួលបានពាក្យបណ្តឹងនាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ការស៊ើបអង្កេតមួយត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣»។ នេះបើតាមការិយាល័យ បានប្រាប់សារព័ត៌មាន Reuters។

ពាក្យបណ្តឹងខាងលើនេះត្រូវបានប្តឹងដោយបុរសសញ្ជាតិទុយនេស៊ី Hicham Bouajila ដោយបានអះអាងថា លោកបានធ្វើការងារឲ្យប្រធានក្លិប PSG គឺលោក Nasser al Khelaifi ក្នុងនាមជាទីប្រឹក្សា។ នេះបើតាមការបញ្ជាក់ពីមេធាវីរបស់លោក ឈ្មោះ Bertrand Repolt បានប្រាប់សារព័ត៌មាន។

ដោយឡែក ក្លិបលេងនៅលីគកំពូលបារាំង Ligue 1 នេះ ត្រូវបានស្រង់សម្តី ហើយចេញផ្សាយដោយសារព័ត៌មានកីឡាបារាំង L'Equipe ថា «បុរសខាងលើនេះមិនដែលត្រូវបានជួលឲ្យធ្វើការងារដោយ PSG នាពេលកន្លងមកនោះទេ»។ លើសពីនេះទៀត ក្លិបជើងឯកបារាំងមួយនេះ ក៏ពុំដែលឆ្លើយតបនឹងសំណួរណាមួយពីសំណាក់ Reuters ដែរ៕