(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន៩ នឹងផ្តល់ឱកាសការងារសរុបចំនួន៨៥០ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមហ៊ុនធំទាំង៩ៗ ទាំងនោះរួមមាន៖ ក្រុមហ៊ុន ផ្សារទំនើបម៉ាក្រូ, ក្រុមហ៊ុន Luxelite Group, ក្រុមហ៊ុន GOODHILL, MR Training, VE(Cambodia)Ltd., ក្រុមហ៊ុន មេហ្គ អាសិត មេនេចមេន, ម៉ាស្ទ័រ ស៊ុគីស៊ុប, ក្រុមហ៊ុន CMED Construction Co.,Ltd, និងក្រុមហ៊ុន MinebeaMitsumi។ សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារ ធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយអ្នកតំណាង ក្រុមហ៊ុនទាំងនេះបាន។

វេទិកាការងារនេះ នឹងត្រូវរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវវិធានការណ៍បង្ការអនាម័យស្របតាមការណែនាំរបស់ ក្រសួងសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺកូវីដ-១៩ ដើម្បីអាចធានា បាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

សូមជម្រាបថា ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕