(ប៉ារីស)៖ ៥ប្រទេសផ្សេងទៀតដែលជាសមាជិករបស់ IOC មានដូចជា ហ្វាំងឡង់ អ៉ីស្លង់ ន័រវេស ស៊ុយអែត និងដាណឺម៉ាបានចេញសេចក្តីថ្លែងការណ៍រួមគ្នាប្រឆាំងទៅនឹងវត្តមានកីឡាករ-កីឡាការិនីរបស់រុស្ស៊ី និងប៊ែលឡារុស នៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស Paris Olympic Games នាឆ្នាំក្រោយនេះ។

ថ្មីៗនេះដែរ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បាននិយាយថា ពួកគេបានកំពុងរកច្រកសម្រាប់អត្តពលិកនៃប្រទសរុស្ស៊ី និងប៊ែលឡារុសចូលរួមនៅកីឡាអូឡាំពិក Paris Games 2024 ដោយជ្រកក្រោមឆ័ត្រទង់អព្យាក្រិត្យ (Neurals flag) នៅមុនពេលមានប្រទេសជាសមាជិកចំនួន ៤០មកហើយ ត្រៀមធ្វើពហិការចំពោះគម្រោងការនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ Five Nordic nations ដែលត្រូវបានផ្ញើទៅ IOC ត្រូវបានដកស្រង់ចេញផ្សាយដោយ BBC នោះបានបញ្ជាក់ថា «ក្នុងកាលៈទេសៈនេះ ពុំមែនជាពេលត្រូវពិចារណាឲ្យអត្តពលិករុស្ស៊ី និងប៊ែលឡារុសវិលត្រឡប់វិញឡើយ។ ពួកយើងចង់ចូលរួមគាំទ្រដល់ប្រជាជនអ៊ុយក្រែន និងការទាមទារសិទ្ធិសេរីភាពមកវិញ។ ដរាបណាស្ថានភាពសង្រ្គាមនៅអ៊ុយក្រែនមិនទាន់ផុតរលត់ គ្មានឡើយការវិលត្រឡប់របស់រុស្ស៊ី និងប៊ែលឡារុស។ នេះជាគោលដៅធំរបស់ពួកយើង»

ដូចគ្នានោះដែរ រាជរដ្ឋាភិបាលអង់គ្លេសក៏បានបង្ហាញការសោកស្តាយចំពោះគម្រោងការថ្មីរបស់ IOC ដោយបានលើកឡើងថា «កីឡាពិភពលោក គឺតែងតែនៅឆ្ងាយពីសង្រ្គាមជានិច្ច»។

ចំណែកឯលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ក៏បានចាត់ទុកផងថា «ការអនុញ្ញាតឲ្យអត្តពលិករុស្ស៊ីចូលរួមអូឡាំពិក នៅទីក្រុងប៉ារីស ប្រទេសបារាំងនោះ គឺប្រៀបដូចជាបង្ហាញការគាំទ្រដល់ភេរវកម្មអីចឹង»