(កូរ៉េ)៖ តារាសម្តែងក្នុងរឿងល្បី «Squid Game» លោក O Yeong-su ហាក់ដូចជាទទួលស្គាល់កំហុសខ្លះៗ អំឡុងពេលបង្ហាញខ្លួននៅក្នុងសវនាការ កាលពីថ្ងៃសុក្រសប្តាហ៍មុន សម្រាប់ថ្ងៃដំបូងនៃការកាត់ទោសពីបទ បៀតបៀនផ្លូវភេទ ដែលធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Hollywood Reporter នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅពេលដើរចូលសវនាការ ដោយពាក់អាវ និងមួកពណ៌ប្រផេះ តារាសម្តែងវ័យ៧៨ឆ្នាំរូបនេះ បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំសុំទោស។ ខ្ញុំ​គិត​ថា​ខ្ញុំ​ប្រព្រឹត្ត​អំពើ​អាក្រក់»។ ការនិយាយបែបនេះ របស់លោក ត្រូវបានគេចាត់ទុកថា តារារូបនេះហាក់ទទួលស្គាល់កំហុសរបស់ខ្លួនខ្លះៗ តែយ៉ាងណានៅក្នុងសវនាការ គេមិនបានដឹងនោះឡើយថា តើលោកទទួលស្គាល់ចំពោះការចោទប្រកាន់នេះ ឬបដិសេធ។

តារាសម្តែងលោក O Yeong-su ត្រូវនារីម្នាក់ប្តឹងលោក ដោយបានចោទថា តារារូបនេះបានស្ទាបអង្អែលនាង និងប្រើកាយវិការមិនសមរម្យ កាលពីឆ្នាំ២០១៧ ហើយនាងបានដាក់ពាក្យប្តឹងលោក O Yeong-su នៅអំឡុងឆ្នាំ២០២១។ តែយ៉ាងណា ទាក់ទិននឹងការចោទប្រកាន់នេះ កន្លងទៅលោកបានបដិសេធ ដោយលោកអះអាងថា លោកបានត្រឹមតែកាន់ដៃនារីរូបនោះប៉ុណ្ណោះ។

បើតាមមេធាវីរបស់ជនជាប់ចោទ បានបដិសេធមិនធ្វើអត្ថាធិប្បាយសម្រាប់បទសម្ភាសន៍ជាមួយ The Hollywood Reporter ប៉ុន្តែកន្លងទៅមេធាវី បាននិយាយថា ជនរងគ្រោះមានអាយុ២២ឆ្នាំ នៅពេលនាងត្រូវបានតារារូបនេះបៀតបៀន ហើយថានាងគឺជាសមាជិកវ័យក្មេងនៃក្រុមហ៊ុនសិល្បៈរបស់តារាសម្តែង O Yeong-su ក្នុងរឿងមួយ។

នៅអំឡុងសវនាការកាលពីថ្ងៃសុក្រ ក្រុមពលរដ្ឋក្នុងស្រុកបានឈរនៅខាងក្រៅបន្ទប់សវនាការ ហើយបានស្រែកដាក់ O Yeong-su ដោយអះអាងថា លោកគួរតែសារភាពចំពោះកំហុសរបស់លោក...។ តែយ៉ាងណា តុលាការនៅមិនទាន់ចេញសេចក្តីសម្រេចអ្វីឡើយ ជុំវិញករណីរបស់តារារូបនេះ ខណៈសវនាការរបស់លោក នឹងបន្តធ្វើឡើងជាលើកទី២ នៅថ្ងៃទី១៤ ខែមេសា ខាងមុខនេះ៕