(សិង្ហបុរី)៖ កីឡាករទូកក្ដោងកម្ពុជាដណ្ដើមបានមេដាយមាស១គ្រឿង និងសំរឹទ្ធ១គ្រឿង ពីព្រឹត្តិការណ៍ប្រកួតកីឡាទូកក្តោងអន្តរជាតិ Singapore Windsurfing Open Championship 2023 នៅប្រទេសសិង្ហបុរី។

លោក ថោង រដ្ឋសក្តិ អនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានឱ្យដឹងថា ការប្រកួតទូកក្តោងអន្តរជាតិនេះត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក ថោង រដ្ឋសក្តិ បានបន្តថា កីឡាករទូកក្តោងកម្ពុជាទទួលបានលទ្ធផលល្អជាទីមោទនៈ ដោយកីឡាករ កែវ ភារុណ អាយុ១៩ឆ្នាំ ចូលប្រកួតលើវិញ្ញាសា Windsurfing RS:One Open ទទួលបានមេដាយមាសចំនួន១គ្រឿង ក្នុងចំណោមកីឡាករចំនួន១០រូប និងកីឡាករ សែម ប្រុសពៅ អាយុ២០ឆ្នាំ ចូលប្រកួតលើវិញ្ញាសា Windsurfing RS:X ទទួលបានមេដាយសំរឹទ្ធចំនួន១គ្រឿង ក្នុងចំណោមកីឡាករ៥រូប។

ពិធីបំពាក់មេដាយបានរៀបចំឡើងនៅក្លឹបទូកក្តោង Aloha Sea Sport Center ក្រោមអធិតីភាពលោក ថាំង ហ្គោលដុន ប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជា។

លោក ថោង រដ្ឋសក្តិ បានបន្តទៀតថា នេះគឺជាជោគជ័យថ្មីមួយរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅដើមឆ្នាំ២០២៣ បន្ទាប់ពីទទួលបានមេដាយប្រាក់មួយគ្រឿង និងមេដាយសំរឹទ្ធ១គ្រឿង ពីការប្រកួតកីឡាករទូកក្តោង Thailand Windsurfing Championship 2023 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់លោក ថាំង ហ្គោលដុន ប្រធានសហព័ន្ធ និងលោក ថោង រដ្ឋសក្តិ អនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធ ដែលតែងតែផ្តល់ឱកាសដល់កីឡាករ កីឡាការនីចេញទៅប្រកួតនៅអន្តរជាតិរហូតបានយកមេដាយមកជូនជាតិជាបន្តបន្ទាប់។

សូមបញ្ជាប់ថា ដើម្បីពង្រឹងគុណភាព បច្ចេកទេស និងបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួនរបស់ក្រុមកីឡាករ កីឡាការនីទូកក្តោងកម្ពុជា សហព័ន្ធគ្រោងនឹងបញ្ជូនកីឡាករ កីឡាការនីចេញទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិជាបន្តបន្ទាប់ ដែលមានដូចជាព្រឹត្តិការណ៍ Thailand Windsurfing Championship 2023 Event 2 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ នាខែមីនា និងព្រឹត្តិការណ៍ប្រកួតទូកក្តោងអន្តរជាតិផ្សេងៗទៀត ដើម្បីត្រៀមលក្ខណៈ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម (32nd SEA Games 2023) លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ និងព្រឹត្តិការណ៍ប្រកួតកីឡាទ្វីបអាស៊ីលើកទី១៩ ឆ្នាំ២០២៣ (19th Asian Games 2023) នៅទីក្រុងហានចូវ ប្រទេសចិន៕