(ភ្នំពេញ)៖ កុមារី អ៉ឹង ហ្វែររី ដែលជាសិស្សកំពុងសិក្សាថ្នាក់ទី៦ នៃសាលាអន្តរជាតិ ស៉ី អាយ អេ ហ្វឺសត៍ ត្រូវបានគណៈកម្មការ នៃការប្រកួតជ្រើសរើសជាសិស្សជ័យលាភី ក្នុងព្រឹត្តិការណ៍ប្រកួតស្នាដៃគំនូរកុមារ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា។

ការប្រកួតក្រោមប្រធានបទ «ការអប់រំឌីជីថល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការ អាស៊ាន» នេះ ទទួលបានការចូលរួមពីប្អូនៗកុមារ មកពីសាលាបឋមសិក្សាសាធារណៈ និងឯកជនប្រមាណ ១២៦៥ សាលារៀន ទូទាំងប្រទេស ដែលមានស្នាដៃគំនូរសរុបចំនួន ៨,០០០ផ្ទាំង។

គួរកត់សម្គាល់ផងដែរថា ការជ្រើសរើសជ័យលាភីត្រូវបានឆ្លងកាត់ការជម្រុះជាច្រើនវគ្គ ចាប់តាំងពីការជម្រុះក្នុងកម្រិតសាលា រហូតដល់ថ្នាក់ជាតិ។

ផ្ទាំងគំនូរដែលត្រូវបានជម្រុះក្នុងកម្រិតសាលាចំនួន ១៥០៧ផ្ទាំង ត្រូវបានបញ្ជូនមកកាន់ការិយាល័យអប់រំ យុវជន និងកីឡា ក្រុង-ស្រុក-ខណ្ឌ ដើម្បីបញ្ជូនបន្តមកក្រសួងអប់រំ សម្រាប់ការចម្រាញ់ចុងក្រោយយកចំនួន ១៣៥ផ្ទាំង ដើម្បីដាក់តាំងបង្ហាញជាសាធារណៈ ក្នុងឱកាសអបអរ ពិធីសម្ពោធជាផ្លូវការនៃមជ្ឈមណ្ឌលអាស៊ានសម្រាប់ការអប់រំឌីជីថល។

ជាលទ្ធផល មានតែផ្ទាំងគំនូរចំនួន ១៥ផ្ទាំងប៉ុណ្ណោះ ត្រូវបានជ្រើសរើសជាជ័យលាភី ដែលផ្ទាំងគំនូរមួយ ក្នុងចំណោមនោះគឺជាស្នាដៃរបស់កុមារី អ៉ឹង ហ្វែររី ដែលផ្ដោតលើទិដ្ឋភាពពីរសំខាន់ៗ គឺទិដ្ឋភាពនៃភពផែនដីដ៏ស្រស់បំព្រង ដែលគ្មានការបំពុលបរិស្ថាន និងទិដ្ឋភាពនៃភពផែនដី ដែលមានការបំពុលបរិស្ថានដោយសកម្មភាពឧស្សាហកម្ម ដែលគ្មានការទទួលខុសត្រូវ។ តាមរយៈផ្ទាំងគំនូរនេះផងដែរ កុមារី ហ្វែររី ក៏ចង់ផ្ញើសារឱ្យមានការចូលរួមសហការដោះស្រាយបញ្ហាបំពុលបរិស្ថាន ទាំងក្របខណ្ឌប្រទេស ក្របខណ្ឌអាស៊ាន និងក្របខណ្ឌពិភពលោកទាំងមូល។

ជ័យជម្នះនេះ គឺជាមោទនភាពសម្រាប់ហ្វែររីផ្ទាល់ ក្រុមគ្រួសាររបស់ប្អូន និងសហគមន៍សាលាទាំងមូល ហើយក៏បានឆ្លុះបញ្ចាំងអំពីការខិតខំប្រឹងប្រែងរបស់ប្អូនស្រី ការជួយទំនុកបំរុងពីមាតាបិតា/អ្នកអាណាព្យាបាល និងការអប់រំប្រកបដោយគុណភាពទាំងកម្មវិធីអន្តរជាតិ និងកម្មវិធីចំណេះទូទៅខ្មែរ របស់សាលាអន្តរជាតិ ស៉ី អាយ អេ ហ្វឺសត៍ ផងដែរ។

នេះជាមោទនភាពមួយទៀត របស់សាលា ហើយគណៈគ្រប់គ្រងសាលាអន្តរជាតិ ស៉ី អាយ អេ ហ្វឺសត៍ សូមចូលរួមអបអរសាទរដល់កុមារី អ៉ឹង ហ្វែររី និងសូមលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សដទៃទៀត ឱ្យបន្តខិតខំប្រឹងប្រែងសិក្សាដើម្បីទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់ នាថ្ងៃអនាគត៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ អ៉ីម៉ែល ៖ [email protected]