(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងជំរុញការងារជួសជុលប្រាង្គកណ្តាលនៃប្រាសាទតុបខាងលិចឲ្យរួចរាល់ក្នុងអំឡុងពេល៤ ឫ៥ខែខាងមុខ។

ការជួសជុលប្រាសាទដែលសាងឡើងក្នុងសតវត្សទី១០មួយនេះ មានការលំបាកយ៉ាងខ្លាំង និងប្រើពេលវេលាយូរ ដោយថ្មប្រាសាទមួយចំនួនធំត្រូវបាត់បង់ និងខូចគុណភាព។ រហូតមកដល់ពេលនេះ ការងារជួសជុលសម្រេចបានជិត៩០ភាគរយហើយ។ ដោយឡែកកិច្ចការនៅសេសសល់ គឺរៀបផ្គុំហោជាងទី២ឡើងវិញ ដែលជាផ្នែកចុងក្រោយនៃការងារគ្រោងនឹងបញ្ចប់នាពេលដ៏ខ្លីខាងមុខ តាមដែលអាចធ្វើបាន។

បើតាមការបញ្ជាក់របស់លោក ឡាំ សុភ័ក្រ អ្នកសម្របសម្រួលគម្រោងជួសជុលរបស់វិទ្យាស្ថានជាតិណារ៉ា បានឱ្យដឹងថា បន្ទាប់ពីការជួសជុលប្រាង្គកណ្តាលនេះរួចរាល់ យើងនឹងជួសជុលខឿនវិហារខាងមុខប្រាសាទបន្តទៀត៕