(បរទេស)៖ ថ្មីៗនេះបណ្តាញផ្សព្វផ្សាយសង្គម Twitter ដែលស្ថិតក្រោមការគ្រប់គ្រងរបស់កំពូលមហាសេដ្ឋីលោក Elon Musk កំពុងជួបបញ្ហាក្នុងការចូលប្រើប្រាស់នៅសហរដ្ឋអាមេរិកដែលបណ្តាឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ខ្ទង់រាប់ម៉ឺននាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមគេហទំព័រ Downdetector បានឱ្យដឹងថា នៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ គណនីរបស់អ្នកប្រើប្រាស់ Twitter នៅសហរដ្ឋអាមេរិកបានជួបបញ្ហាបង្ហោះសារ Twitter មិនបាន ខណៈពួកគេព្យាយាមចូលប្រើប្រាស់ទទួលបានសារត្រឡប់ពី Twitter មកវិញថា «You are over the daily limit for sending Tweets»។ ដូច្នេះមានន័យ Twitter ទំនងជាត្រូវបានកំណត់ចំនួននៃសារបង្ហោះប្រចាំថ្ងៃ ដែលធ្វើឱ្យអ្នកប្រើប្រាស់ជាច្រើនហាក់មិនស្ងប់ចិត្ត។

ជុំវិញបញ្ហានេះ Support Account របស់ Twitter បានបង្ហោះសារសុំទោសអ្នកប្រើប្រាស់ជាមួយនឹងសារភ្ជាប់ថា «យើងដឹង និងកំពុងធ្វើការដើម្បីជួសជុលបញ្ហានេះ» ហើយក៏ «សុំអភ័យទោស Twitter ប្រហែលជាមិនដំណើរការដូចការរំពឹងទុកសម្រាប់អ្នកប្រើប្រាស់មួយចំនួនទេ»

គួរបញ្ជាក់ដែរថា បញ្ហាធំៗមួយចំនួនដែលកើតមាននៅលើសេវាកម្មរបស់ Twitter នេះទំនងជាបណ្តាមកពីបញ្ហាខ្វះខាតបុគ្គលិកផ្នែកវិស្វករ ដោយចាប់តាំងពីការឈានជើងមកដល់របស់ Musk បានបញ្ឈប់បុគ្គលិកស្ទើតែគ្រប់ផ្នែក ដែលនាំឱ្យមានការព្រួយបារម្មថា Twitter អាចនឹងប្រឈមមុខខ្លាំងនៅថ្ងៃអនាគត៕