(ភ្នំពេញ)៖ ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី បានប្រារព្ធពិធីសូត្រមន្តលើករាសី ដាក់ឲ្យដំណើរការជាផ្លូវការ ទីតាំងថ្មីសាខារាជធានីភ្នំពេញ។

ការបើកសម្ពោធទីតាំងថ្មីនេះ ធ្វើឡើងក្រោមការចូលរួមពីលោកអគ្គនាយកនៃធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី លោក Junji Noda អគ្គនាយកប្រតិបត្តិលោក Shuji Taniguchi និងប្រធាននាយកដ្ឋានសេវាហិរញ្ញវត្ថុ លោក ផន វ៉ាន់ដេត។

ការបើកសម្ពោធជាផ្លូវការ របស់ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី សាខារាជធានីភ្នំពេញ ធ្វើឡើងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ និងក្នុងគោលបំណងជួយបង្កើនការបម្រើសេវាកម្មជូន ដល់អតិថិជនឲ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស ដោយផ្តល់នូវទីតាំងធំជាងមុន ងាយស្រួលជាងមុន។

សាខារាជធានីភ្នំពេញថ្មីនេះ មានបម្រើសេវាកម្មជូនអតិថិជនដូចជា កម្ចីសាច់ប្រាក់ អ៉ីអនកាត និងសេវាកម្មបង់រំលស់ ចំពោះទីតាំងថ្មីនេះ មានអាសយដ្ឋាន ផ្ទះលេខ២៣៩ ២៣៩ដេ ២៣៩អឺ & ២៣៩អេហ្វ មហាវិថីម៉ៅសេទុង ភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី សូមគោរពថ្លែងអំណរគុណ ដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុនៅក្នុងធនាគារនេះ៕