(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានប្រកាសរៀបចំទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០គីឡូម៉ែត្រ (Women Run 10K) ឡើងវិញហើយ នាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ ខាងមុខ បន្ទាប់ពីខកខានរៀបចំ ២ឆ្នាំ ដោយសារវិបត្តិកូវីដ-១៩ ដែលនឹងរៀបចំឡើង ក្រោមប្រធានបទ «ស្ដ្រីក្នុងភាពជាអ្នកដឹកនាំ»

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី០៨ ខែកុម្ភៈថា កម្មវិធីនេះ រៀបចំឡើង ក្នុងគោលបំណងចូលរួមលើកកម្ពស់ដល់សិទ្ធិស្មើភាព និងអានុភាពរបស់ស្ត្រី ក្នុងសកម្មភាពសង្គម និងវិស័យកីឡា ។ ម្យ៉ាងក៏ជាព្រឹត្តិការណ៍មួយ ដើម្បីរួមចំណែកផ្សព្វផ្សាយ និងអបអរសាទរដំណើរឆ្ពោះទៅព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខផងដែរ ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «ទិវារត់ប្រណាំងស្ដ្រីចម្ងាយ ១០គីឡូម៉ែត្រនេះ ត្រូវបានធ្វើឡើង ដើម្បីជំរុញដល់ការលើកកម្ពស់ដល់សមភាពយេនឌ័រ ក៏ដូចជាការកៀរគរឲ្យស្ត្រីចូលរួមក្នុងសកម្មភាពកីឡាឲ្យបានច្រើន ក្នុងពេលដែលកម្ពុជា កំពុងមមាញឹកក្នុងការត្រៀមខ្លួនឆ្ពោះទៅធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ជាប្រវត្តិសាស្ត្រជាលើកដំបូង គឺការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣»

បច្ចុប្បន្នកម្មវិធី Women Run 10K បានទទួលការចុះឈ្មោះចូលរួមជាង ១ពាន់នាក់ហើយ ប៉ុន្ដែលោក វ៉ាត់ ចំរើន បានអំពាវនាវឲ្យប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះចូលរួមឲ្យបានច្រើនកុះករថែមទៀត ពិសេសស្ដ្រី ដើម្បីបំផុសចលនាស្ដ្រីក្នុងវិស័យកីឡាផង និងដើម្បីទទួលបានសុខភាព មិត្តភាព និងសាមគ្គីភាពផង ។ លើសពីនេះ ក៏ដើម្បីចូលរួមយុទ្ធនាការ កម្ពុជាស្អាត និងបៃតង់ ក៏ដូចជាយុទ្ធនាការ ប្រជាជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត ជាដើម ។

សូមបញ្ជាក់ថា ទិវារត់ប្រណាំងបែបកម្សាន្ដ និងសុខភាពនេះ នឹងត្រូវចេញដំណើរ នាព្រឹកព្រលឹមថ្ងៃទី០៨ ខែមីនា នៅបរិវេណមុខវត្តបទុមវតី ជាមួយការប្រកួត ២វិញ្ញាសា គឺរត់ចម្ងាយ ១០គីឡូម៉ែត្រ និង ៤គីឡូម៉ែទ្រ ដោយមានកិច្ចសហការពីរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរ ដើម្បីសម្រួលដល់សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងការរត់ដល់អ្នកចូលរួមទាំងអស់ផងដែរ ៕