(សៀមរាប)៖ ក្រុមអនុវត្តគម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គររបស់សាកលវិទ្យាល័យតូរិនតូ ប្រទេសកាណាដា ក្រោមកិច្ចសហការជាមួយអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវ​នៅខឿន​ព្រះវិហារបុរាណមួយស្ថិតនៅខាងកើតប្រាសាទបាយ័ន ចម្ងាយប្រមាណ២០០ម៉ែត្រ។

ការធ្វើកំណាយនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពីតួនាទីរបស់រចនាសម្ពន្ធ និងតួនាទីរបស់សំណងបុរាណនានាដែលក្នុងនោះរួមមាន ខឿនព្រះវិហារ ខឿនកាកបាទ​ស្ថិតខាងលិចជាប់នឹងព្រះវិហារ និងសំណង់ខឿនព្រះធាតុ ជាពិសេសគឺ​ស្វែងយល់​អំពីសម័យកាលវិវត្តនៃការគោរពបូជាព្រះពុទ្ធសាសនានាចុងសម័យអង្គរ។

លោក Andrew Harris ជាប្រធានគម្រោងស្រាវជ្រាវព្រះវិហារសម័យអង្គរ បានឱ្យដឹងថា នេះជាគម្រោងកំណាយស្រាវជ្រាវលើកទី៣លើខឿនព្រះវិហារ​នៅក្នុងក្រុងអង្គរធំ។ លោកពន្យល់ថា កំណាយស្រាវជ្រាវនេះធ្វើឡើងក្នុងបំណងស្វែងយល់ពីតួនាទីខឿនកាកបាទ និងខឿនព្រះពុទ្ធសាសនាដែលស្ថិតនៅជ្រុងខាងកើត ដើម្បីដឹងពីអាយុកាល និងតួនាទីនៃសំណង់ទាំងនោះ។

លោកបញ្ជាក់បន្ថែមថា ការងារលើកនេះ​គឺរួមបញ្ចូលទាំងការសិក្សាអំពីតួនាទី មុខងារ អាយុកាលរបស់ខឿនព្រះធាតុ ដែលស្ថិតនៅដាច់​អំពីសំណង់ព្រះវិហារបុរាណ ជាពិសេសគឺស្វែងយល់អំពីទំនាក់ទំនង​ប្រើប្រាស់​របស់សំណង់​ព្រះវិហារជាមួយនឹងសហគមន៍មនុស្សរស់នៅជុំវិញ។ល។

កំណាយស្រាវជ្រាវក្នុងរយៈពេលជិតមួយខែកន្លងមក ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Andrew Harris បានពន្យល់នូវរបកគំហើញនានា ដូចជាមានការរកឃើញ គំនរបំណែកក្បឿន​នៅលើខឿនកាកបាទ ដែលជាសក្ខីភាពបញ្ជាក់អំពីសំណង់ឈើប្រក់ក្បឿង​មានវត្តមាន​នៅលើខឿននេះ។

ជាទូទៅ ក្រៅអំពីបំណែកកុលាលភាជន៍ខ្មែរ និងភាជន៍ចិនដែលជាភស្តុតាង​ការ​ប្រើប្រាស់​​នាសម័យអង្គរ ក្រុមការងារក៏ជួបប្រទះ​នូវភស្តុតាងនៃការប្រើប្រាស់កុលាលភាជន៍សម័យក្រោយអង្គរ (នាសតវត្សទី១៦ទៅ១៧) នៅក្នុងស្រទាប់ជិតព្រះវិហារ ជាពិសេសចាស់បុរាណនាសម័យក្រោយអង្គរលោកបានបញ្ចុះធាតុអ្នកស្លាប់ក្នុងកូនក្រឡកប់ក្នុងដីបរិវេណខឿនកាកបាទ ទៅតាមទំនៀមទម្លាប់ជំនឿព្រះពុទ្ធសាសនា។ ជាងនេះទៅទៀត គេក៏ប្រទះឃើញស្លាកស្នាមទឹកហូរ ចេញចូលពីស្រះទឹកដ៏ធំមួយក្បែរនោះទៅមុខព្រះវិហារ​ផងដែរ។

កិច្ចការសហការសិក្សាស្រាវជ្រាវសំណង់ខឿនព្រះវិហារសម័យអង្គរនេះ បង្ហាញនូវភស្តុតាងមួយចំនួនទាក់ទងនឹងការវិវត្តសង្គមសាសននាចុងសម័យអង្គរ និងសង្គមមនុស្ស​បន្តរស់នៅ​ក្រោយ​ការរផ្លាស់ប្ដូររាជធានីទៅភាគខាងត្បូង។ លោក Andrew Harris ពន្យល់បន្ថែមថា​ កន្លងមក​អ្នកស្រាវជ្រាវយល់ថារាជធានីអង្គរត្រូវបានគេបោះបង់ចោល និងពុំមានមនុស្សរស់នៅ។ តែតាមរយៈការសិក្សាថ្មីៗរបស់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ រួមទាំងការស្រាវជ្រាវ​ទាំងបី​លើកក្នុងគម្រោងព្រះវិហារអង្គរ ក៏បានបន្ថែមនូវភស្តុតាងសំខាន់ៗមួយចំនួនដែលអាចបញ្ជាក់អំពីការផ្លាស់ប្តូរជំនឿសាសនា និងការស្ថាបនាសំណង់សាសនា តាមបែប​ទស្សនព្រះពុទ្ធសាសនា ដែលអាចរាប់ចាប់ពីចុងសតវត្សទី១៣ ដល់ទីបញ្ចប់​សតវត្សទី១៤ ជាពិសេសនៅសតវត្សទី១៦តរៀងមក។

តាមរយៈសិល្បៈសំណង់ព្រះវិហារនីមួយៗក្នុងក្រុងអង្គរធំ ក៏បានបញ្ជាក់នូវ​អាយុកាល​នៃការស្ថាបនា​នាចុងសម័យអង្គរ និងមានសំណង់មួយចំនួនតូចទាក់ទងនឹងសម័យក្រោយអង្គរ។ ជាការពិត​ណាស់ ​ព្រះវិហារមួយចំនួនត្រូវបានកែលម្អ ឬស្ថាបនាក្រោយរាជ្យព្រះបាទចន្ទរាជា ព្រះរាជវង្ស និងព្រះពុទ្ធសាសនិកត្រលប់មកកាន់រាធានីចាស់។

របកគំហើញថ្មីៗរបស់ក្រុមស្រាវជ្រាវជាតិនិងអន្តរជាតិ​ផ្តល់លទ្ធភាពក្នុងការចងក្រងប្រវត្តិសាស្រ្ត​មួយបែបថ្មី ដែលកន្លងមកតែងយល់ថាព្រះវិហារក្នុងរាធានីអង្គរត្រូវបានស្ថាបនា​ទ្បើងនាសម័យ​ក្រោយអង្គរ ស្របជាមួយការត្រទ្បប់មកវិញរបស់ព្រះបាទចន្ទរាជាយាងមកជួសជុលទីសក្ការបូជា​ក្នុងប្រាសាទអង្គរវត្ត។ ជាសក្ខីភាពដូចជាជួសជុលកែប្រែប្រាសាទអង្គរវត្តស្ថាបនាព្រះពុទ្ធរូបធំៗលើភ្នំបាខែង និងប្រាសាទបាភួន និងព្រះវិហារជុំវិញប្រាសាទបាយ័ន។

តាមការស្រាវជ្រាវកន្លងមក គេបានសន្និដ្ឋានថាសំណង់ខឿនព្រះវិហារព្រះពុទ្ធសាសនា​ក្នុងកំពែងក្រុងអង្គរធំ​មានចំនួនចន្លោះពី៦២ទៅ៧២។​ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ​ការស្រាវជ្រាវនៅទួលព្រះវិហារទាំងនោះមានចំនួនតិចតួចនៅទ្បើយ និងជាប្រធានបទថ្មី​មួយ​​សម្រាប់ក្រុមស្រាវជ្រាវជាតិ និងអន្តរជាតិសហការគ្នា​ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់អំពីសង្គម​រស់នៅរបស់បុព្វបុរសខ្មែរលើរាជធានីអង្គរនាចុងសម័យអង្គរ និងក្រោយអង្គរ៕