(ភ្នំពេញ)៖ និស្សិតច្បាប់នៃកម្មវិធីច្បាប់អន្តរជាតិ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានទទួលពានរង្វាន់ចំនួន ៣ ពីកម្មវិធីប្រកួតប្រជែងសវនាការ ប្រតិដ្ឋថ្នាក់អន្តរជាតិ ចំនួនពីរ គឺ 39th Comite Pour Le Concours Jean Pictet International Humanitarian Law Competition ​ដែលបានរៀបចំឡើងនៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី និងកម្មវិធី 17th LAWASIA International Moot Competition នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នាពេលថ្មីៗនេះ។

​និស្សិតច្បាប់នៃកម្មវិធីច្បាប់អន្តរជាតិ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង មួយរូបបានឈ្នះពានរង្វាន់ចំនួនពីរគឺ Spirit of LAWASIA Team Award និង LAWASIA Best Endeavor Prize នៅក្នុងកម្មវិធី 17th Lawasia International Moot Competition ដែលត្រូវបានប្រព្រឹត្ត ទៅនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

​កញ្ញា​ ហួត ស្រីពេជ្រ​ និស្សិតឆ្នាំទី៤ នៃកម្មវិធីច្បាប់អន្តរជាតិ បានឈ្នះពានរង្វាន់ Gilbert-Apollis Prize (ពានរង្វាន់អ្នកធ្វើសេចក្តីថ្លែងការណ៍ ផ្ទាល់មាត់ល្អបំផុត) នៅក្នុងកម្មវិធីសវនាការប្រតិដ្ឋ 39th Comite Pour Le Concours Jean Pictet International Humanitarian Law Competition ដែលត្រូវបានប្រព្រឹត្តទៅនៅទីក្រុងបាលី ប្រទេស ឥណ្ឌូណេស៊ី កាលដើមខែកញ្ញា ឆ្នាំ២០២២។ ពានរង្វាន់នេះត្រូវបានផ្តល់ជូនបុគ្គលម្នាក់ ក្នុងចំណោមអ្នកចូលរួមដែលមានសមត្ថភាព ៦៦នាក់ផ្សេងទៀតជុំវិញពិភពលោក។​ និស្សិតស្រីរូបនេះ គឺជានិស្សិត កម្ពុជាដំបូងដែលទទួលបានពានរង្វាន់នេះ​។

​លោក ឌិន ស៊ីដែន នាយកនៃកម្មវិធីច្បាប់អន្តរជាតិ បានលើកឡើងថា «កម្មវិធីច្បាប់អន្តរជាតិ គឺជាសហគមន៍មួយ ដែលមានទំនាក់ទំនងល្អរវាងគ្នាទៅវិញទៅមក ដែលនិស្សិតអាចអភិវឌ្ឍខ្លួន ប្រកបដោយភាពវិជ្ជាជីវៈ និងចំណេះដឹង។ ការសិក្សាពីច្បាប់នៅក្នុងវិស័យថ្មីៗ ផ្តល់ឱ្យនិស្សិតនូវឱកាសដ៏មានតម្លៃ ដែលអាចអោយនិស្សិត សម្រេចបាននូវសមិទ្ធផល ដែលគ្មានព្រំដែន។ ក្នុងដំណើរសិក្សារៀនសូត្រ និស្សិតនឹងទទួលបាននូវបទពិសោធន៍ ដែលលើសពីការអប់រំផ្នែកច្បាប់។ ការហ្វឹកហ្វឺនជាក់ស្តែង ការបង្ហាញខ្លួនលើលើឆាកអន្តរជាតិ ការសិក្សាលើវិស័យផ្សេងៗគ្នា ការជំរុញទឹកចិត្ត និងការគាំទ្រពីខាងកម្មវិធីច្បាប់អន្តរជាតិ និស្សិត និងបុគ្គលិក នឹងអាចធ្វើឱ្យនិស្សិតស្វែងយល់ពីខ្លួនឯង កសាងខ្លួន និងអភិវឌ្ឍខ្លួនដោយខ្លួនឯង​៕