(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្ថានទូតជប៉ុន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមជាមួយលោក UENO ATSUSHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងពិធីបញ្ជូនអត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជា ចូលរួមក្នុងបណ្តាញផ្លាស់ប្តូរនិស្សិត និងយុវជនជប៉ុន-អាស៊ីបូព៌ា ដែលត្រូវបានគេស្គាល់ថាជាកម្មវិធីផ្លាស់ប្តូរយុវជន JENESYS ជាមួយនឹងប្រធានបទ «ជប៉ុន-កម្ពុជា- PARA SPORTS EXCHANGE» ដែលនឹងធ្វើឡើងនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី១៥-២០ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានអបអរសាទរជូនចំពោះលោក UENO ATSUSHI ដែលត្រូវបានរាជរដ្ឋាភិបាលជប៉ុន ជ្រើសតាំងជា ឯកអគ្គរាជទូតជប៉ុន (ថ្មី) ប្រចាំកម្ពុជា ព្រមទាំងបានថ្លែងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក UENO ATSUSHI ដែលបានចំណាយពេលវេលារៀបចំពិធីនេះ សម្រាប់ជាការផ្តល់នូវការយល់ដឹង និងបទពិសោធន៍ថ្មីបន្ថែមទៀត ដែលប្រជាជនជប៉ុននឹងផ្តល់ជូន ក្នុងកម្មវិធីផ្លាស់ប្តូរយុវជន JENESYS ជាពិសេសជំរុញទឹកចិត្តក្រុមកីឡាករជនពិការឲ្យមានភាពក្លាហាន មានទំនុកចិត្ត មានស្មារតីខ្ពស់ និងមានអារម្មណ៍ថាយើងទាំងអស់កំពុងនៅជាមួយពួគគាត់គ្រប់ពេលវេលា ក្នុងការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ប្រកួត អាស៊ានប៉ារ៉ាហ្គេមនៅខែឧសភា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកបានគូសបញ្ជាក់ថា «ពិធីនេះ មិនមែនគ្រាន់តែជាពិធីបញ្ជូនអត្តពលិករបស់យើងប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីរំលឹកពីដំណើរមួយផ្សេងទៀត អាចជាបទពិសោធន៍ផ្ទាល់ខ្លួនសម្រាប់ក្រុមកីឡាករ ដែលបានបង្ហាញឱ្យឃើញថា កីឡានាំមកនូវការរួបរួមសាមគ្គី និងផ្លាស់ប្តូរពិភពលោក។ ខ្ញុំបានឃើញដោយផ្ទាល់នូវការផ្លាស់ប្តូរជាវិជ្ជមាន ដែលក្រុមបាល់បោះរទេះរុញរបស់យើងបាននាំយកមកប្រទេសជាតិ»។
លោកបន្តថា «ខ្ញុំពិតជាដឹងគុណចំពោះក្រុមអត្តពលិកទាំងអស់ សម្រាប់ការប្រកួតដ៏ខ្លាំងក្លា និងរឹងមាំក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ក្រុមអត្តពលិក បាននាំមកជូនប្រទេសជាតិនូវពានរង្វាន់ជាច្រើន រង្វាន់សរសើរ និងសេចក្តីរីករាយដល់ប្រជាជនកម្ពុជា ព្រមទាំងបានត្រួសត្រាយផ្លូវទៅកាន់ពិភពលោក និងជាមេរៀនដ៏សំខាន់បំផុត សម្រាប់ពួកយើងដែលថា ពិការភាពរបស់អ្នកមិនរារាំងអ្នកពីភាពអស្ចារ្យបំផុតនោះទេ។ អត្តពលិករបស់យើង គឺជានិមិត្តរូបនៃប្រទេសកម្ពុជា ដោយបានឆ្លងកាត់ការលំបាកដែលមិនអាចនឹកស្មានដល់ ប៉ុន្តែបានឡើងពីលើអតីតកាលដ៏សោកសៅ ហើយឥឡូវនេះកំពុងឆ្ពោះទៅមុខដោយភាពជឿជាក់ទៅកាន់អនាគតដ៏ភ្លឺស្វាង។ សូមកុំយកតែពានមកផ្ទះ តែត្រូវធ្វើឲ្យយើងមានមោទនភាពក្នុងនាមជាខ្មែរ និងសូមចែករំលែកក្តីរីករាយ ក្តីស្រឡាញ់ និងភាពធន់នៃទឹកចិត្តរបស់ខ្មែរដែលអាចធ្វើបាន ដល់មិត្តនៅក្រៅប្រទេសរបស់យើង»។
សូមបញ្ជាក់ថា កម្ពុជា-ជប៉ុន មានចំណងទំនាក់ទំនងការទូតទ្វេភាគីជាប្រវត្តិសាស្រ្ត រយៈពេល ៧០ឆ្នាំមកហើយ។ ចាប់ពីដើមទសវត្សឆ្នាំ៩០ ប្រទេសជប៉ុន បានចូលរួមចំណែកយ៉ាងសកម្ម ដើម្បីជួយស្វែងរកសន្តិភាព គាំទ្រកាបង្រួបបង្រួមជាតិ និងបានទ្រទ្រង់ដល់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកម្ពុជា រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ ព្រមទាំងបានលើកកម្ពស់កម្រិតទំនាក់ទំនងនេះ ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។ ដោយឡែក ការសម្រេចបាននូវសមិទ្ធផលការងារបោសសម្អាតមីន រយៈពេល ៣០ឆ្នាំ នៅកម្ពុជា គឺមិនអាចខ្វះបានទេពីការចូលរួមគាំទ្រយ៉ាងសកម្មពីប្រទេសជប៉ុន ដែលជាដៃគូដ៏លេចធ្លោមួយផងដែរ។
ជាមួយនឹងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជប៉ុនថែមទាំងបានជួយគាំទ្រដល់គម្រោងអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ ការជួយគាំទ្រដល់ការងារពាក់ព័ន្ធទៅនឹងការបោះឆ្នោត ការជួយគាំទ្រដល់ការពង្រឹងភាពជាដៃគូរ រវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិល និងការពង្រឹងអភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ។
ទន្ទឹមនឹងនេះ ប្រជាជនកម្ពុជា ពិតជាមិនអាចបំភ្លេចបានទេនូវគុណបការៈដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា រួមទាំងការពលីជីវិតរបស់កុលបុត្រជប៉ុនចំនួនពីររូប ដើម្បីបុព្វហេតុជាតិកម្ពុជា ដែលពួកគាត់ទាំងពីរ គឺជាកងកម្លាំងការពារសន្តិសុខ នៃអង្គការសហប្រជាជាតិ ក្នុងពេលបំពេញបេសកកម្មនៅកម្ពុជាកាលពីសម័យអ៊ុនតាក់ (១៩៩០-១៩៩៣) គឺលោក Haruyuki អតីតមន្ត្រីប៉ូលីសជប៉ុន បានស្លាប់នៅខេត្តឧត្តរមានជ័យ និងលោក Atsuhito Nakata បានស្លាប់នៅខេត្តកំពង់ធំ នៅក្នុងអំឡុងឆ្នាំ១៩៩៣៕