(ភ្នំពេញ)៖ តំណាងអត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជា, លោកស្រី សឿង សុខចាន់ បានបញ្ជាក់ថា ក្រុមកីឡាបាល់បោះរទេះជនពិការកម្ពុជាទាំងបុរស និងនារី បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការដណ្តើមមេដាយមាស នៃព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ដល់ថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
ថ្លែងបញ្ជាក់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាកាសដែលស្ថានទូតជប៉ុន ប្រចាំកម្ពុជា រៀបចំពិធីជូនដំណើរអត្តពិកកីឡាបាល់បោះរទេះជនពិការកម្ពុជា ចេញទៅទស្សនកិច្ចនៅប្រទេសជប៉ុន តាមរយៈកម្មវិធីផ្លាស់ប្តូរយុវជន Jenesys ២០២២ លោកស្រី សឿង សុខចាន់ ជាអត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជា បានលើកឡើងថា សម្រាប់ដំណើរចេញទៅប្រទេសជប៉ុន គឺជាឱកាសមួយល្អបន្ថែមទៀតសម្រាប់ពង្រឹងសមត្ថភាពប្រកួតឱកាន់តែខ្លាំងជាងមុន។
តំណាងអត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជារូបនេះ បានប្តេជ្ញាយ៉ាងដូច្នេះថា៖ «និយាយរួមទៅដោយសារតែកម្ពុជា ជិតធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៉ីហ្គេមលើកទី៣២ និងកីឡាប៉ារ៉ាហ្គេមលើកទី១៤ គឺក្រុមកីឡាយើង មានការប្តេជ្ញាចិត្តខ្ពស់ ហើយក៏អរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលយកចិត្តទុកដាក់ខ្ពស់សម្រាប់វិស័យកីឡា ជាពិសេសខាងប៉ារ៉ាហ្គេម ដែលជាកីឡាជនពិការ ដើម្បីឱ្យជនពិការបញ្ចេញសមត្ថភាព»។
តាមរយៈដំណើរផ្លាស់ប្តូរបទពិសោធន៍រវាងកីឡានៅប្រទេសជប៉ុន, លោកស្រី សឿង សុខចាន់ ក៏បានបង្ហាញក្តីសង្ឃឹមថា ក្រុមអត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជា នឹងបានផ្លាស់ប្តូរបទពិសោធន៍ថ្មីៗបន្ថែមទៀតជាដើម។ ជាពិសេសផ្លាស់ប្តូរវប្បធម៌រវាង អត្តពលិកកីឡាប្រទេសទាំងពីរផងដែរ។
កីឡាបាល់បោះរទេះជនពិការកម្ពុជារូបនេះ បានគូសបញ្ជាក់ថា៖ «និយាយជារួម គឺក្រុមយើងទាំងអស់មិនថា ក្រុមបុរស និងក្រុមនារីទេ គឺយើងប្តេជ្ញាចិត្តខ្ពស់មែនទែន គឺខិតខំហ្វឹកហាត់ដើម្បីទទួលបានមេដាយមាស ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាប៉ារ៉ាហ្គេម ដើម្បីប្រជាជាតិ ដើម្បីក្រុមគ្រួសារ ដូចជាជាប្រជាពលរដ្ឋទាំង១៧លាននាក់ ដែលគាត់គាំទ្រពួកយើងទាំងអស់គ្នា»។
សូមជម្រាបថា កាលពីថ្ងៃទី០៦-១១ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ អត្តពលិកកីឡាបាល់បោះរទេះជនពិការកម្ពុជា បានទទួលជ័យជម្នះទាំង ៥ប្រកួត ដើម្បីឈានដល់ការទទួលពានរង្វាន់លេខ១ ដូចជា៖
*ទី១៖ កម្ពុជា ប្រកួតជាមួយ ឥណ្ឌា ដោយលទ្ធផលបន្ទុក កម្ពុជា ៥៨ ទល់នឹង ១៤ ឥណ្ឌា
*ទី២៖ កម្ពុជា ប្រកួតជាមួយ នេប៉ាល់ ដោយលទ្ធផលបន្ទុក កម្ពុជា ៥៦ ទល់នឹង ២២ នេប៉ាល់
*ទី៣៖ កម្ពុជា ប្រកួតជាមួយ នេប៉ាល់ ដោយលទ្ធផលបន្ទុក កម្ពុជា ៥០ ទល់នឹង ២៥ នេប៉ាល់
*ទី៤៖ កម្ពុជា ប្រកួតជាមួយ ឥណ្ឌា ដោយលទ្ធផលបន្ទុក កម្ពុជា ៤៤ ទល់នឹង ២៦ ឥណ្ឌា
*ទី៥៖ វគ្គផ្តាច់ព្រ័តកម្ពុជា ប្រកួតជាមួយ ឥណ្ឌា ដោយលទ្ធផលបន្ទុក កម្ពុជា ៥៥ ទល់នឹង ១៤ ឥណ្ឌា៕