(បាសេឡូណា)៖ កីឡាករ Joao Mendes ដែលជាកូនប្រុសរបស់អតីតកីឡាករឆ្នើម ក្លិប Barcelona លោក Ronaldinho នឹងចូលរួមជាមួយក្លិប ដែលលេងនៅលីគកំពូលអេស្ប៉ាញនេះ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការសាកល្បង, នេះបើតាមសម្តីប្រធានក្លិប លោក Joan Laporta បានអះអាង ហើយត្រូវបានចេញផ្សាយ ដោយសារព័ត៌មាន Live Score នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

អតីតម្ចាស់ពានរង្វាន់ Ballon d'Or លោក Ronaldinho បានរីករាយជាមួយនឹងភាពជោគជ័យ ក្នុងការលេងរយៈពេល៥ឆ្នាំ ជាមួយក្លិប Barca ចម្លោះឆ្នាំ២០០៣ ដល់២០០៨, ដោយបានជួយឲ្យក្លិប ដែលមានមូលដ្ឋាន នៅតំបន់ Catalonia មួយនេះ ឈ្នះពានរង្វាន់ LaLiga ចំនួន២លើក និងពានរង្វាន់ Champions League ផងដែរ, ស្របពេលដែលរូបលោក បច្ចុប្បន្ននេះ កំពុងបំពេញតួនាទី ជាទូតសុឆន្ទៈរបស់ក្លិប។

កូនប្រុសវ័យ ១៧ឆ្នាំ របស់លោក Ronaldinho ដែលពីពេលមុន ធ្លាប់លេងឲ្យក្លិបប្រេស៊ីល Corinthians នោះ បាននឹងកំពុងទទួលឱកាស ក្នុងការបន្តអាជីពតាមឪពុករបស់លោក ដោយបានចាកចេញពីក្លិប Cruzeiro បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការសាកល្បង ជាមួយនឹងក្លិប Barcelona៕