(ឡុងដ៍)៖ ខ្សែបម្រើក្លិប Tottenham កីឡាករ Yves Bissouma កំពុងប្រឈមនឹងការអវត្តមានពីការប្រកួត បន្ទាប់ពីក្លិបដែលលេងនៅលីគកំពូលអង់គ្លេស Premier League បានអះអាងថា គាត់តម្រូវឲ្យមានការវះកាត់កជើង, នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

Bissouma បានលេង២៥ប្រកួត ក្នុងចំណោម៣១ប្រកួត របស់ក្លិប Tottenham ចាប់តាំងពីចូលរួមជាមួយ ក្នុងកិច្ចសន្យាដែលត្រូវបានគេរាយការណ៍ថា មានតម្លៃ២៥លានផោន ផ្ទេរមកពីក្លិប Brighton and Hove Albion មុនពេលចាប់ផ្តើមរដូវកាលនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅគេហទំព័រ Tottenham បានឲ្យដឹងថា «យើងអាចអះអាងថា Yves Bissouma នឹងត្រូវធ្វើការវះកាត់ ដើម្បីព្យាបាលកជើងខាងឆ្វេងរបស់លោក»

ការអះអាងពីការអវត្តមានរបស់ Bissouma បានធ្វើឡើង នៅថ្ងៃជាមួយគ្នា ដែលកីឡាករអ្នកចាំទី និងប្រធានក្រុម Hugo Lloris ត្រូវអវត្តមានពីការប្រកួត ចម្លោះពី៦ទៅ៨សប្តាហ៍ ដោយសាររបួសជង្គង់។

​សូមជម្រាបថា Spurs នឹងត្រូវធ្វើដំណើរទៅជួបក្រុម Leicester City ក្នុងលីគ Premier League នៅថ្ងៃសៅរ៍, មុនពេលធ្វើដំណើរទៅជួបក្រុម A.C. Milan ក្នុងការប្រកួតជើងដំបូង នៃវគ្គ១៦ក្រុមចុងក្រោយ លីគ Champions League របស់ពួកគេ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ៕