(បរទេស)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ Apple បានបញ្ចេញកំណែអាប់ដេតចុងក្រោយទាំងអស់របស់ខ្លួន ជាមួយនឹងការកែប្រែកំហុសសុវត្ថិភាពដែលកំពុងកើតមានរួមមាន iOS 16.3.1, iPadOS 16.3.1, watchOS 9.3.1, macOS 13.2.1 និង tvOS 16.3.2 ជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រព័ត៌មាន iMore នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ជាមួយនឹងការដាក់ចេញប្រព័ន្ធប្រតិបត្តិការថ្មីនេះប្រភពបានគូសបញ្ជាក់ថា Apple នឹងមិនមានចេញមកជាមួយនូវមុខងារថ្មីៗពិសេសដូចទៅនឹង iOS 16.3 នោះទេ ខណៈប្រព័ន្ធប្រតិបត្តិការចុងក្រោយនេះត្រូវបានដាក់ឱ្យប្រើប្រាស់ដើម្បីកែកំហុសនៅលើផលិតផលទាំងអស់របស់ Apple ជាពិសេសបញ្ហាគាំងនៅលើ iPhone 14 និង iPhone 14 Pro ក៏ដូចជាធ្វើបច្ចុប្បន្នភាពសុវត្ថិភាពផលិតផលរបស់ខ្លួនជៀសវាងបញ្ហាប្រឈមមកដល់។

ដូច្នេះដើម្បីទាញយកប្រព័ន្ធប្រតិបត្តិការចុងក្រោយទាំងអស់របស់ Apple ចូលទៅកាន់ Setting > General > Software Update និងជ្រើសពាក្យ Download and Install ជាការស្រេច។ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់ Apple Watch វិញមុននឹងទាញយក watchOS 9.3.1 ត្រូវតែដាក់វានៅលើឆ្នាំសាកជាមួយនឹងថ្ម ៥០ភាគរយជាមុន ដើម្បីជៀសវាងបញ្ហាដំឡើងកម្មវិធីដែលឈានដល់ការរលត់ថ្ម៕