(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិអាយុក្រោម ១៩ឆ្នាំ(U19) បារាំង បានធ្វើដំណើរមកដល់កម្ពុជាហើយ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈនេះ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា នាចុងសប្ដាហ៍នេះ ។ ដំណើរមកដល់ក្រុមភ្ញៀវនេះ ត្រូវបានលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ។

ក្រោយចុះពីលើយន្ដហោះ ទាំងមន្ដ្រីសហព័ន្ធ គ្រូបង្វឹក និងកីឡាករ U19 បារាំង បានសម្ដែងសេចក្ដីរីយរាយជាខ្លាំង ដែលបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ពិសេសការទទួលបដិសណ្ឋារកិច្ចរបស់មន្ដ្រីសហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា ។ ពួកគេរំពឹងថា ការប្រកួតនាពេលខាងមុខ នឹងមានភាពទាក់ទាញ ហើយជំរុញចំណងមិត្តភាពវិស័យកីឡាបាល់ទះ រវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរបន្ថែមទៀត ។

លោក Bertrand LEYS អនុប្រធានបច្ចេកទេស សហព័ន្ធកីឡាបាល់ទះបារាំង លើកឡើងថា «ខ្ញុំពិតជាសប្បាយរីករាយ ដែលបានមកកាន់ប្រទេសកម្ពុជា និងបានជួបប្រជាជនរដ្ឋកម្ពុជាដូចគ្នា ។ ការមកលើកនេះ យើងនឹងទទួលបានបទពិសោធន៍ល្អៗបន្ថែម ពិសេសលើការងារទំនាក់ទំនង និងចុះអនុស្សារណៈយោគយល់គ្នា រវាងសហព័ន្ធកីឡាបាល់ទះបារាំង និងកម្ពុជា ។ ម្យ៉ាងក៏ជាបទពិសោធន៍ថ្មីមួយ សម្រាប់ក្រុម U19 បារាំង ផងដែរ»

មន្ដ្រីជាន់ខ្ពស់កីឡាបាល់ទះបារាំងដដែល ទទួលស្គាល់ថា កម្រិតកាយសម្បទាកីឡាករអាស៊ី រួមទាំងកម្ពុជា គឺខុសពីកីឡាករអឺរ៉ុប តែបើនិយាយពីកម្រិតនៃការល្អម្យ៉ាងម្នាក់ ។ ជាក់ស្ដែងកីឡាករកម្ពុជា លេងលឿនជាងកីឡាករបែកអឺរ៉ុប ។ ក្នុងន័យនេះ ដោយផ្អែកលើបទពិសោធន៍ និងភាពជាដៃគូទៅថ្ងៃអនាគត លោកមានសុទិដ្ឋិនិយមថា វិស័យកីឡាបាល់ទះកម្ពុជា នឹងមានការវិឌ្ឍន៍លេងបែបទំនើប និងកាន់តែរីកចម្រើនថែមទៀត ។

ដោយឡែកកីឡាករ Mathis Henno វិញ បានបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលខ្លួនបានមកកម្ពុជា ។ នេះគឺជាបទពិសោធន៍ថ្មីមួយទៀត សម្រាប់ខ្លួន ដើម្បីស្វែងយល់ពីវិស័យបាល់ទះកម្ពុជា ។ ប្រធានក្រុម U19 បារាំងរូបនេះ បន្ដថា «ខ្ញុំបានសិក្សាពីកម្ពុជា តាមរយៈការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម កាលពីឆ្នាំមុន ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រឈ្នះមេដាយសំរឹទ្ធលើកដំបូង ។ ដូច្នេះពួកយើងនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើយ៉ាងណាយកឈ្នះកម្ពុជាឲ្យបាន»

ទន្ទឹមជាមួយគ្នាលោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្ទាប់ពីការស្វាគមន៍ប្រតិភូ និងក្រុមជម្រើសជាតិ U19 បារាំង លោកបានចាត់ទុកដំណើរមកដល់របស់ក្រុមបាល់ទះលំដាប់ចំណាត់ថ្នាក់លេខ៣ ពិភពលោកនេះ(ក្រុមធំបារាំង) គឺជាសញ្ញាណមួយដ៏ល្អសម្រាប់វិស័យបាល់ទះកម្ពុជា ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក ក៏ដូចជាការត្រៀម និងពង្រឹងសមត្ថភាព សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ខាងមុខ ។

តាមរយៈនេះ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងអ្នកគាំទ្រត្រៀមចូលរួមទស្សនា និងលើកទឹកចិត្តឲ្យបានច្រើនកុះករ ក្នុងជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមទាំងពីរ នៅវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ដែលគ្រោងនឹងធ្វើការប្រកួតចំនួន ២ជើង ក្នុងនោះជើងទី១ ប្រកួតនាល្ងាចថ្ងៃទី១៩ ខែកុម្ភៈ និងជើងទី២ ប្រកួតនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ដោយតម្លៃសំបុត្រចូលទស្សនាត្រឹមតែ ៨ពាន់រៀលប៉ុណ្ណោះ ៕