(បរទេស)៖ ថ្មីៗនេះទទួលដំណឹងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំលំដាប់ពិភពលោករបស់ចិន BYD គ្រោងវិនិយោគ ១.២ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថ្មីមួយសម្រាប់ផលិតអាគុយអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមកឯកសារដែលចេញផ្សាយនៅលើគេហទំព័ររបស់រដ្ឋាភិបាលទីក្រុង Zhengzhou បានឱ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD គឺ FinDreams Technology មានបំណងសាងសង់រោងចក្រថ្មីមួយដែលមានសមត្ថភាពផលិតអាគុយថ្មីរបស់ខ្លួនដែលមានឈ្មោះថា Blade រហូតដល់ ៤០ជីហ្គាវ៉ាត់ម៉ោងក្នុងមួយឆ្នាំ ដែលមានទីតាំងនៅក្នុងទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន។

ប្រភពពីប្រធានក្រុមហ៊ុន BYD លោក Wang Chuanfu បាននិយាយថា អាគុយ Blade ថ្មីដែល BYD កំពុងផលិតនោះគឺជាប្រភេទអាគុយ លីចូម-ដែក-ផូស្វាត (LFP) ដែលមានរូបរាងតូចល្មមមិនសូវសំពីងសំពោង និងមានសុវត្ថិភាពជាងជម្រើសអាគុយផ្សេងទៀតនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន។ ក្នុងនោះលោកបានគូសបញ្ជាក់ថា អាគុយ Blade ថ្មីនេះនឹងចេញមកជាមួយជម្រើសសុវត្ថិភាពបំផុតសម្រាប់អ្នកប្រើប្រាស់បើទោះជាស្ថិតក្នុងការបើកបរចម្ងាយឆ្ងាយ ក៏មិនព្រួយបារម្មរឿងឆេះអាគុយឡើយ។

គួរបញ្ជាក់ដែរថា អាគុយ Blade នេះបច្ចុប្បន្នត្រូវបានដាក់ឱ្យប្រើប្រាស់រួចទៅហើយនៅក្នុងរថយន្តដែលលក់ដាច់បំផុតរបស់ BYD រួមមានរថយន្តម៉ូដែល Han និង Seal ដែលជាដៃគូប្រកួតប្រជែងដ៏ខ្លាំងក្លាជាមួយរថយន្ត Model 3 របស់ Tesla នៅក្នុងប្រទេសចិន៕