(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាហាប់គីដូ បានចាត់ទុការបញ្ជ្រាបក្បាច់គុនខ្លួន ដល់មន្ដ្រីនគរបាលកម្ពុជា គឺជាចលនាមួយដ៏ធំ ដើម្បីជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ក៏ដូចជារួមចំណែកដល់ប្រតិបត្តិការបង្ក្រាបបទល្មើសផ្សេងៗ ប្រកបដោយប្រសិទ្ធភាពផងដែរ ។

នេះបើតាមការលើកឡើងរបស់លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធ បន្ទាប់ពីសហព័ន្ធ បានសហការជាមួយសាលបណ្ឌិតសភានគរបាលកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលជាមន្ដ្រីនគរបាល ១០រូប ដែលទើបប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គសិក្សាកម្រិតមធ្យម ក្រោយសិក្សាអស់រយៈពេល ៣ខែ កាលពីថ្មីៗ កន្លងទៅ ។

អគ្គលេខាធិការសហព័ន្ធដដែល បានគូសបញ្ជាក់ថា វគ្គនេះ បានច្បិចយកបច្ចេកទេសពិសេសៗរបស់កីឡាហាប់គីដូ សម្រាប់បង្ហាត់បង្រៀនដល់គ្រូបង្វឹក ស្របតាមតម្រូវការចាំបាច់របស់កម្លាំងនគរបាល សម្រាប់ចែករំលែកដល់សិក្ខាកាម នៅបណ្ឌិតសភានគរបាលកម្ពុជា ។ លើសពីនេះ ក៏ជាឱកាសជំរុញការអភិវឌ្ឍវិស័យកីឡាហាប់គីដូកម្ពុជាឲ្យកាន់តែទូលំទូលាយផងដែរ ។

លោកបន្ដថា «គ្រូបង្វឹក ១០រូប ដែលគាត់មកពីបណ្ឌិតសភានគរបាលកម្ពុជា គឺជាការផ្សព្វផ្សាយហាប់គីដូដ៏ខ្លាំងមួយ ព្រោះបើតាមការបញ្ជាក់ ក្នុងមួយឆ្នាំៗ ពួកគាត់បង្ហាត់សិក្ខាកាមមិនតិចពាន់នាក់ទេ ទាំងសិក្ខាកាមសិក្សាផ្នែកនគរបាល និងអក្សរសាស្ដ្រផ្សេងៗ ។ អ៊ីចឹងខ្ញុំសង្ឃឹមថា ហាប់គីដូរបស់យើង នឹងបានជ្រូតជ្រាបទៅដល់ស្រទាប់មហាជន និងយុវវ័យច្រើន តាមរយៈគ្រូដែលហាត់នៅទីនោះ»

ដោយឡែកលោក គួច ហុងជៀក អនុប្រធានសហព័ន្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគ្រូបង្គោលទាំងអស់ ដែលបានខិតខប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយធនធានដ៏សំខាន់ ក្នុងការផ្ទេរចំណេះដល់យុវជនជំនាន់ក្រោយ ក្នុងការធ្វើឲ្យមានសុខភាពល្អ ទាំងរាង្គកាយ និងបញ្ញាស្មារតី ពិសេសសម្រាប់កងកម្លាំងយកទៅអនុវត្តក្នុងការងារដោយមិនសូវបង្ករបួសស្នាម តែមានប្រសិទ្ធភាពខ្ពស់ទៀតផង ៕