(វ៉ាលេនសៀ)៖ ក្លិបអេស្ប៉ាញ Valencia សម្រេចតែងតាំងអតីតកីឡាករខ្សែបម្រើលោក Ruben Baraja ជាគ្រូបង្គោលថ្មីរបស់ពួកគេ, នេះបើតាមការប្រកាសពីក្លិប ដែលរងការគម្រាមកំហែង កាត់ចេញពីលីគ LaLiga ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក Baraja ក៏ធ្លាប់ធ្វើជាគ្រូបង្វឹកក្រុមយុវជនរបស់ក្លិប Valencia ផងដែរ បន្ទាប់ពីការចូលនិវត្តន៍ពីអាជីពបាល់ទាត់ ខណៈកាលនៅជាកីឡាករលោកធ្លាប់បង្ហាញខ្លួន ៣៦៤ប្រកួតសម្រាប់ក្លិប Valencia ចម្លោះឆ្នាំ២០០០-២០១០ ដោយបានឈ្នះពានរង្វាន់ LaLiga ចំនួន ២លើក ព្រមទាំងលើកពានរង្វាន់ UEFA Cup, Copa del Rey និងពានរង្វាន់ UEFA Super Cup ផងដែរ។

អតីតកីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ ក៏ធ្លាប់ធ្វើជាគ្រូបង្វឹងរបស់ក្លិបលេងនៅលីគលំដាប់ទី២ របស់អេស្ប៉ាញ រួមមាន៖ Elche, Rayo Vallecano និង Tenerife។ ហើយរយៈពេលកន្លងមកថ្មីៗនេះ លោកបានធ្វើជាគ្រូបង្វឹកនៅឯក្លិប Real Zaragoza ក្នុងឆ្នាំ២០២០។

ហើយនេះជាការចូលមកជំនួសតំណែងលោក Gennaro Gattuso ដែលបានចែកផ្លូវគ្នា ជាមួយក្លិបកាលពីខែមុន ដោយពេលនេះក្លិប Valencia បានលេងចាញ់ ៣ប្រកួតជាប់គ្នា គិតចាប់តាំងពីការចាកចេញរបស់លោក Gattuso, ធ្វើឲ្យក្លិបឈរនៅលំដាប់ទី១៨ ក្នុងតារាង LaLiga ដោយមាន ២០ពិន្ទុពី២១ប្រកួតបណ្តោះអាសន្ននារដូវកាលនេះ។

បញ្ជាក់ផងថា ការប្រកួតដំបូងស្ថិតក្រុមការដឹកនាំរបស់លោក Baraja និងត្រូវប្រកួតក្នុងលីគដោយប៉ះក្រុម Getafe នៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕