(អារ៉ាប៊ីសាអូឌីត)៖ ជាលើកដំបូងប្រទេសអារ៉ាប៊ីសាអូឌីត ទទួលបានសិទ្ធិរៀបចំការប្រកួតដណ្តើមពានរង្វាន់ FIFA Club World Cup 2023 ដែលការប្រកួតនិងចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១២-២២ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្រាប់ព្រឹត្តិការណ៍នេះក៏ត្រូវបានប្រកាសក្រោយពេល ៣ថ្ងៃ, បន្ទាប់ពីក្រុមអេស្ប៉ាញ Real Madrid ដណ្តើមបានពាននេះក្រោយពេលយកឈ្នះក្រុម Al-Hilal ៥-៣ ដែលធ្វើនៅប្រទេសម៉ារ៉ុក ខណៈដែលក្រុម Al-Hilal ក្លាយជាក្រុមរបស់អារ៉ាប៊ីសាអូឌីត ដំបូងគេដែលបានឡើងដល់វគ្គផ្តាច់ព្រ័ត្រនេះផងដែរ។

អារ៉ាប៊ីសាអូឌីត ក៏ក្លាយជាម្ចាស់ផ្ទះទី៦ នៃដំណើរការរៀបចំការប្រជែងពានរង្វាន់ FIFA Club World Cup ដែលមានការចូលរួមក្រុមខ្លាំងមកពី ៦តំបន់នេះដោយមានទ្វីបអឺរ៉ុប, អាស៊ី, អាមេរិកខាងជើង, អាមេរិកខាងត្បូង, អាហ្រ្វិក និងសហព័ន្ធបាល់ទាត់អូសេអានី។

នេះក៏ជាការទទួលបានសិទ្ធិរៀបចំព្រឹតិ្តការណ៍ប្រកួតបាល់ទាត់លំដាប់អន្តរជាតិលើកទី១ របស់អារ៉ាប៊ីសាអូឌីត ដែលតែងតែបណ្តាក់ទុកក្នុងការអាចទទួលបានការរៀបចំការប្រកួតនានាផងដែរ ដោយឡែកពានរង្វាន់នេះមានតែក្រុមមកពីប្រទេសអេស្ប៉ាញ លើកបានចំនួន ៨ដង, ហើយក្រុម Real Madrid ធ្វើបាន ៥ដងច្រើនជាងគេ។

បញ្ជាក់ផងថា អារ៉ាប៊ីសាអូឌីត បច្ចុប្បន្នក៏ទើបសម្រេចទទួលបានសិទ្ធិរៀបចំព្រឹត្តិការណ៍ AFC Asian Cup 2027 (ផ្នែកបុរស) ដែលមាន ២៤ក្រុមស្ថិតក្នុងតំបន់អាស៊ី ខណៈក៏កំពុងតែចូលរួមដេញថ្លៃចំពោះសិទ្ធិនៃព្រឹត្តិការណ៍ Women’s Asian Cup 2026 ខាងមុខនេះទៀតផងដែរ៕