(បរទេស)៖ ដើម្បីអបអរសាទរគម្រប់ខួប២៥ឆ្នាំ នៃខ្សែភាពយន្តបែបមនោសញ្ចេតនា និងគ្រោះមហន្តរាយដ៏ល្បី «Titanic» នៅគ្រប់រោងភាពយន្ត គឺចាក់បញ្ចាំងរឿងនេះឡើងវិញ ចំថ្ងៃទិវានៃក្តីស្រឡាញ់តែម្តង ជាមួយកម្រិតច្បាស់  4K និងរូបភាព 3D។

បើតាមយោងតាមគេហទំព័រ Culturess បានឲ្យដឹងថា ភាពយន្ត «Titanic» ដែលចេញផ្សាយដំបូងនៅអំឡុងឆ្នាំ១៩៩៧ និងឈ្នះពានរង្វាន់អូស្ការចំនួន១១ ផងនេះ បានក្លាយជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតទី ៣គ្រប់ពេល នៅពីក្រោយខ្សែភាពយន្ត «Avatar» ដោយបានទម្លាក់ភាពយន្តល្បីៗជាច្រើន ជាមួយប្រាក់ចំណូល១៥លានដុល្លារ ត្រឹមសប្តាហ៍បើកឆាកដំបូង។

ខ្សែភាពយន្តដ៏ល្បី ដែលដឹកនាំដោយផលិតករល្បីឈ្មោះ James Cameron ត្រូវបានគេដឹងថា ជាភាពយន្តដែលចំណាយប្រាក់ច្រើនបំផុតក្នុងការផលិតនៅពេលនោះ បើនិយាយទៅគឺផលិតអស់២០០លានដុល្លារឯណោះ ដោយការថតរឿងនេះ​គឺធ្វើឡើងពីខែកក្កដា ឆ្នាំ១៩៩៦ ដល់ខែមីនា ឆ្នាំ១៩៩៧ ហើយរឿងនេះ​គឺជោគជ័យយ៉ាងខ្លាំង នៅពេលចាក់បញ្ចាំងដំបូងក្នុងខែធ្នូ ឆ្នាំ១៩៩៧ ខណៈបច្ចុប្បន្ន រឿងនេះ​ត្រូវបានយកមកចាក់បញ្ចាំងជាថ្មី ដើម្បីអបអរខួប២៥ឆ្នាំ ជាមួយកម្រិតច្បាស់ជាងមុន៕