(អាមេរិក)៖ លោកស្រី Janet Yang ប្រធានបណ្ឌិត្យសភាសិល្បៈ និងវិទ្យាសាស្ត្រភាពយន្ត ថ្មីៗនេះបានសារភាពថា ការឆ្លើយតបរបស់អង្គការនេះចំពោះ Will Smith ទះកំផ្លៀង Chris Rock ក្នុងអំឡុងពេលពិធី Oscars ឆ្នាំ២០២២ គឺ «មិនគ្រប់គ្រាន់»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

ការលើកឡើងរបស់លោកស្រី Janet Yang គឺត្រូវបានធ្វើឡើងនៅថ្ងៃអង្គារ៍សប្តាហ៍នេះ ក្នុងពិធីជប់លៀងបេក្ខភាព Oscars ឆ្នាំ២០២៣ ដែលមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើនដូចជា Tom Cruise, Steven Spielberg, Michelle Yeoh និង Angela Bassett schmoozed ព្រមទាំងតារាជាច្រើនទៀត ខណៈអ្នកឈ្នះនឹងត្រូវប្រកាសនៅថ្ងៃទី១២ ខែមីនា ខាងមុខនេះ។

ប្រធានបណ្ឌិត្យសភាសិល្បៈ និងវិទ្យាសាស្ត្រភាពយន្ត ត្រូវបានរិះគន់ចំពោះការអនុញ្ញាតឲ្យ Smith បន្តនៅកៅអីរបស់លោក ហើយទទួលយកពានរង្វាន់តារាសម្តែងល្អបំផុត បន្ទាប់ពីលោកបានវាយលើ Rock នៅលើឆាក។ លោកស្រី Janet Yang បានសង្កត់ធ្ងន់ថា «អ្វីដែលបានកើតឡើងនៅលើឆាក គឺមិនអាចទទួលយកបានទាំងស្រុង»

លោកស្រីបានបន្តថា «យើងបានរៀនពីចំណុចនេះថា បណ្ឌិត្យសភាត្រូវតែមានតម្លាភាព និងគណនេយ្យភាពពេញលេញនៅក្នុងសកម្មភាពរបស់យើង និងជាពិសេសនៅពេលមានវិបត្តិ»

គួរជម្រាបថា ជុំវិញបញ្ហាកាលពីឆ្នាំមុនរវាង Will Smith និង Chris Rock, Smith បានលាលែងពីព្រឹត្តិការណ៍នេះ ហើយអ្នករៀបចំមិនអនុញ្ញាតឡើយ ដោយគ្រាន់តែហាមឃាត់រូបលោក មិនឲ្យចូលរួមក្នុងកម្មវិធីអូស្ការរយៈពេល១០ ឆ្នាំ ដូច្នេះលោកនៅតែមានសិទ្ធិត្រូវបានតែងតាំងសម្រាប់ពានរង្វាន់ និងឈ្នះពានរង្វាន់ផ្នែកណាមួយ នៃកម្មវិធីនេះដដែល៕