(កូរ៉េខាងត្បូង)៖ តារា SUGA ដែលជាសមាជិកក្រុម BTS នឹងត្រូវឡើងប្រគុំតន្រ្តីនៅប្រទេសសឹង្ហបុរី ថ្ងៃទី១៧ និង ១៨ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ដែលជាផ្នែកនៃការប្រគុំតន្រ្តីជុំវិញពិភពលោក នេះបើយោងតាមការចេញផ្សាយរបស់ CNA នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

តាមគម្រោងនៃកម្មវិធីប្រគំតន្ត្រីទេសចរណ៍ នៅប្រទេសសឹង្ហបុរី ពីសំណាក់តារាចម្រៀងលោក Suga នឹងធ្វើការសម្តែងនាថ្ងៃទី១៧ និង ១៨ខែមិថុនា ឆ្នាំ២០២៣ ដែលមានទីតាំងនៅ Indoor Stadium គឺស្ថិតក្នុងចំណោមកម្មវិធីតន្ត្រីទេសចរណ៍ ជាលក្ខណៈពិភពលោករបស់ខ្លួន ដោយលោកបានប្រកាសពីការប្រគំតន្ត្រីជាសាកលនេះ ជាបន្តបន្ទាប់ចាប់ផ្តើមនៅក្នុងខែមេសា ខាងមុខនេះតទៅ។

តារាចម្រៀង Suga ក្នុងដំណើរទេសចរណ៍ជុំវិញពិភពលោកនេះ ក៏មានកម្មវិធីនៅសហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅទីក្រុង New York, New Jersey, Lllinois និង California ដែលស្ថិតក្នុងកាលបរិច្ឆេទជាច្រើនទៀត។

សមាជិកក្រុម BTS រូបនេះ ក៏មានដំណើរតន្រ្តីទេសចរណ៍របស់ខ្លួន ក្នុងតំបន់អាស៊ី មានដូចជានៅទីក្រុងហ្សាកាតា, បាងកក និងនៅប្រទេសជប៉ុន មុនពេលលោកត្រឡប់ទៅទីក្រុងសេអ៊ូលវិញ។

តារាចម្រៀង Suga ដែលមានឈ្មោះពិតថា Min Yoon-gi ទទួលបានភាពល្បីល្បាញក្នុងនាមជាសមាជិកម្នាក់ ក្នុងចំណោមសមាជិកទាំងប្រាំពីរនាក់ នៅក្នុងក្រុម BTS ដែលជាក្រុមដែលត្រូវបានតែងតាំងដោយកម្មវិធីដ៏ល្បី «Grammy» តាមរយៈបទចម្រៀងល្បីៗដូចជា Dynamite និង Butter ជាដើម។ ជុំវិញព័ត៌មាន​លម្អិត​នៃសំបុត្រ ​សម្រាប់តន្រ្តីទេសចរណ៍របស់ Suga ទៅកាន់ប្រទេសសិង្ហបុរី នៅពាក់កណ្ដាលខែមិថុនានេះ គឺនៅ​មិន​ទាន់​ត្រូវ​បាន​គេ​បង្ហាញ​នៅ​ឡើយ​ទេ។

គេនៅចាំបានថា នៅអំឡុងឆ្នាំ ២០២២ ក្នុងចម្រៀង BTS បានប្រកាសផ្អាកប្រគំតន្រ្តីជាក្រុមរហូតដល់ឆ្នាំ ២០២៥ បន្ទាប់ពីសមាជិករបស់ក្រុមនីមួយៗ ត្រូវបំពេញកាតព្វកិច្ចយោធា ប៉ុន្តែពួកគេនៅតែបន្តប្រកាសពីគម្រោងចម្រៀងទោល នៃសមាជិកនីមួយៗ។

សូមបញ្ជាក់ថា ផលិតកម្ម Big Hit បាននិយាយកាលពីខែតុលា ឆ្នាំ២០២២ថា «យើងគាំទ្រ និងលើកទឹកចិត្តដល់សិល្បកររបស់យើង ហើយពិតជាមានមោទនភាពណាស់ ដែលបច្ចុប្បន្ននេះ សមាជិកម្នាក់ៗនឹងមានពេលវេលា ដើម្បីស្វែងយល់ពីចំណាប់អារម្មណ៍របស់ពួកគេ ហើយបំពេញកាតព្វកិច្ចរបស់ពួកគេ ដោយការបម្រើប្រទេសដែលពួកគេហៅថា ជាផ្ទះរបស់ខ្លួន»