(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនឡានតុន ក្លៅដ៏ សឺវីស ថេកណឡជី ឯ.ក ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ព្រមទាំងជំរុញដល់ការផ្សព្វផ្សាយផលិតផលរបស់កម្ពុជាសម្រាប់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទៅកាន់ពិភពលោក។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានធ្វើឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក, លោក លោកស្រី ប្រធាននាយកដ្ឋាន/វិទ្យាស្ថាន, លោកបណ្ឌិត លី គន់ (LI KUN) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនឡានតុន ក្លៅដ៏ សឺវីស ថេកណឡជី ឯ.ក និងសហការី ព្រមទាំង លោក លោកស្រី ដែលជាមន្ត្រីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្មជាច្រើនរូប។

គោលបំណងនៃអនុស្សរណៈនៃការយោគយល់គ្នានេះមានដូចខាងក្រោម៖

១៖ ធ្វើសហប្រតិបត្តិការក្នុងការជំរុញកិច្ចអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជា។

២៖ ជំរុញការគាំទ្រគ្នាទៅវិញទៅមកក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងការងារផ្សព្វផ្សាយសក្តានុពលផលិតផលកម្ពុជាទៅកាន់ទីផ្សារ ប្រទេសចិន និងទីផ្សារពិភពលោក។

៣៖ លើកកំពស់ភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងរដ្ឋនិងឯកជនក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

៤៖ បង្កើនការស្ថាបនា ការអភិវឌ្ឍយ៉ាងទូលំទូលាយ និងស៊ីជម្រៅលើគ្រប់វិស័យដូចជា ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ប្រព័ន្ធឡូជីស្ទីក សេវាខ្សែច្រវាក់ផ្គត់ផ្គង់ ការបំពេញកាតព្វកិច្ចពន្ធនិងអាករ ការរក្សាទិន្នន័យឯកជន ការការពារអ្នកប្រើប្រាស់ ទាក់ទងនឹងការធ្វើពាណិជ្ជកម្មក្នុងស្រុកនិងអន្តរជាតិ និងវិស័យផ្សេងៗទៀត។

ក្នុងឱកាសចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើរបាយការណ៍ជូន លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមានក្នុងពិធីនេះ។ លោកបានណែនាំថា វិសាលភាពកិច្ចសហប្រតិបត្តិការនៃអនុស្សរណៈនៃការយោគយល់គ្នានឹងគ្របដណ្តប់លើការផ្សព្វផ្សាយផលិតផលកម្ពុជានៅក្រៅប្រទេស នៅយុទ្ធនាការ «ភូមិមួយផលិតផលមួយ» និងការគាំទ្រសម្រាប់សហគ្រាសកម្ពុជាក្នុងការចូលទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ និងពិភពលោក។ លើសពីនេះ លោកក៏បានបញ្ជាក់ពីគោលដៅសំខាន់ៗនៃអនុស្សរណៈនៃការយោគយល់គ្នានេះ និងទិសដៅសំខាន់ៗមួយចំនួនដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជា ហើយបានណែនាំថា Lanton Cloud នឹងផ្តល់នូវការលក់ផលិតផល ការផ្សព្វផ្សាយក្រុមហ៊ុនអាកាសចរណ៍ និងការគាំទ្រសេវាកម្មស្វ័យប្រវត្តិសម្រាប់ការតភ្ជាប់ជាមួយ Platform ផ្នែកឯកជន និងផ្តល់ សេវាកម្មសម្រាប់ក្រសួងពាណិជ្ជកម្ម ផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងការគ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

លោករដ្ឋមន្រ្តីក៏ បានលើកឡើងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងពាណិជ្ជកម្មក្នុងការកសាងភាពជាដៃគូរវាងរដ្ឋ និងឯកជនក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងជំរុញការផ្សព្វផ្សាយផលិតផលកម្ពុជាសម្រាប់ទីផ្សារក្នុងស្រុក ក្នុងតំបន់ និងទៅកាន់ពិភពលោក ហើយតាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងបង្កើតឱ្យមានការតភ្ជាប់រវាងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងពាណិជ្ជកម្ម ជាមួយនឹង Platform ដែលបង្កើតដោយវិស័យឯកជន ក្រោមកម្មវិធី Lanton Cloud ក្នុងការជំរុញឱ្យផលិតផលរបស់កម្ពុជាមានលទ្ធភាពពង្រីកទៅកាន់ទីផ្សារក្រៅប្រទេសឱ្យកាន់តែទូលំទូលាយថែមទៀត។

លោករដ្ឋមន្រ្តី បានបង្ហាញនូវក្ដីរំពឹងថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងរួមចំណែក្នុងការជំរុញការងារពាក់ព័ន្ធនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសគឺការពង្រីកទីផ្សារសម្រាប់ផលិតផលកម្ពុជា ការការពារអ្នកប្រើប្រាស់ ការទាញយកប្រយោជន៍ពីបរិវដ្តកម្ម (Transformation of Digitalization) និងបដិវត្តន៍ឧស្សាហកម្មទី៤ (Industrial Revolution 4.0) ក៏ដូចជាការកសាងសមត្ថភាពរបស់មន្រ្តីរាជការក្រសួងពាណិជ្ជកម្ម សម្រាប់ការប្រឡូកក្នុងកិច្ចចរចាផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឱ្យកាន់តែប្រសើឡើងបន្ថែមទៀត។

ក្នុងនាមជាក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពាណិជ្ជកម្មអេឡិចត្រូនិច ដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាពីក្រសួងពាណិជ្ជកម្ម (លេខ ០០០១ ពណ.ចបព.អ ចុះថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២១) និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ Lanmei Aviation Group ដែលបង្កើតឡើងដោយលោកបណ្ឌិត លី គន់ បេសកកម្មរបស់ ក្រុមហ៊ុនឡានតុន ក្លៅដ៏ គឺនាំយកប្រាជ្ញាចូលទៅក្នុងជីវិត ធ្វើឱ្យការផ្តល់សេវាកម្មប្រចាំថ្ងៃមានទំនាក់ទំនងគ្នា អភិវឌ្ឍឌីជីថលភាវូបនីយកម្មនៃប្រទេសកម្ពុជាឱ្យមានសន្ទុះទៅមុខកាន់តែប្រសើរ និងឱ្យធ្វើពាណិជ្ជកម្មអេឡិចត្រូនិចកាន់តែមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ និងប្រកបដោយគុណភាពខ្ពស់។ Lanton Cloud ប្តេជ្ញាចូលរួមពង្រីក និងពង្រឹងវិស័យពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសកម្ពុជា ណែនាំពិភពលោកឱ្យស្គាល់អំពីប្រទេសកម្ពុជា និងផ្សព្វផ្សាយសក្តានុពលផលិតផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារពិភពលោក។ នាពេលបច្ចុប្បន្ននេះ Lanton Cloud បានសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ជាច្រើនដូចជា China Southern Airlines ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច JD.com របស់ប្រទេសចិន ក្រុមហ៊ុន AVIS ផ្តល់សេវាកម្មជួលរថយន្ត ក្រុមហ៊ុនរោងភាពយន្ត Legend Cinema របស់កម្ពុជា ធនាគារ ABA ធនាគារ Wing ។ល។

ទន្ទឹមនឹងនេះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍នៃពាណិជ្ជកម្មអេឡិចត្រូនិកកម្ពុជា និងការកែលម្អបរិយាកាសអាជីវកម្ម ពង្រីកវិស័យសេវាកម្មអេឡិចត្រូនិក លើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការរវាងដៃគូសាជីវកម្ម ពង្រីកវិសាលភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជា និងទាញយកសក្តានុពលទីផ្សារស្នូលនៃផលិតផលកម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តថ្មីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន Lanton Cloud នឹងរួមចំណែកដល់ការបង្កើតកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ចិន-កម្ពុជា។

លើសពីនេះទៅទៀត «Lanton Express» ដែលជាម៉ាកនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ឡានតុន ពឹងផ្អែកលើកម្មវិធី «Lanton Cloud» និងក្រុមហ៊ុនអាកាសចរ Lanmei Airlines ដែលឈរលើមូលដ្ឋានគំនិតផ្ដួចផ្ដើម "ខ្សែក្រវ៉ាត់១ និងផ្លូវ១" ដើម្បីសម្រេចបាននូវសេវាកម្មតែមួយនៃខ្សែសង្វាក់ទាំងមូល រួមបញ្ជូលទាំង លទ្ធកម្ម ការដឹកជញ្ជូន ការប្រកាសពន្ធគយ និងការចែកចាយ។ ភស្តុភារ និងថ្នាលធុរកិច្ចដ៏ទូលំទូលាយនឹងត្រូវបានអភិវឌ្ឍរួមគ្នាមួយជំហានម្តងៗ ដោយផ្តល់ឱ្យសហគ្រាសនូវការផ្គត់ផ្គង់ជាគោល ដែលមានតម្លៃទាប និងសេវាកម្មចែកចាយប្រកបដោយគុណភាពខ្ពស់៕