(បរទេស)៖ ជោគវាសនារបស់ Activision Blizzard ជិតដល់ថ្ងៃសម្រេចជាផ្លូវការហើយ ដោយថ្មីៗនេះទទួលបានដំណឹងបន្ថែមពីក្រុមហ៊ុន Microsoft ថានៅថ្ងៃទី២១ ខែកុម្ភៈ សប្តាហ៍ក្រោយនេះ នឹងត្រូវជាថ្ងៃបិទសវនាការ ក្នុងការការពារដេញថ្លៃទិញយកក្រុមហ៊ុនផលិតហ្គេម «Call of Duty» ក្នុងតម្លៃ ៦៩ពាន់លានដុល្លារជាលើកចុងក្រោយនៅចំពោះមុខសហភាពអឺរ៉ុប (EU) និងមន្ត្រីប្រឆាំងការទុកចិត្តជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ជុំវិញការបើកសវនាការតតាំងនៅចំពោះមុខសហភាពអឺរ៉ុបនេះត្រូវបានប្រភពឱ្យដឹងថា ក្រុមហ៊ុនសូហ្វវែលអាមេរិក Microsoft ជាអ្នកស្នើសុំឱ្យមានសវនាការបន្ទាប់ពីទទួលបានសេចក្តីថ្លែងការណ៍នៃការជំទាស់ពីគណៈកម្មការអឺរ៉ុបដែលបានព្រមានអំពីឥទ្ធិពលប្រឆាំងនឹងការប្រកួតប្រជែងដែលអាចកើតមាននៃកិច្ចព្រមព្រៀងទិញលក់ជាមួយនឹង Activision។ ខណៈដែលដំណើរការការពារការដេញថ្លៃនោះ អ្នកនាំពាក្យក្រុមហ៊ុន Microsoft បានគូសបញ្ជាក់ថា ជា«សវនាការផ្ទាល់មាត់»។

គួរបញ្ជាក់ដែរថា កិច្ចព្រមព្រៀងទិញលក់ក្នុងតម្លៃ ៦៩ពាន់លានដុល្លារនេះត្រូវបានក្រុមហ៊ុន Microsoft និងជាម្ចាស់របស់កម្មវិធី Xbox បានប្រកាសពីការទិញយកក្រុមហ៊ុនផលិតហ្គេម «Call of Duty» កាលពីខែមករា ឆ្នាំ២០២២កន្លងទៅ ដែលជាហេតុបណ្តាឱ្យមានការមិនពេញចិត្តជាខ្លាំងពីក្រុមហ៊ុន Tencent និង Sony ដោយលើកហេតុផលថា ការរួមបញ្ចូលគ្នានេះនឹងអនុញ្ញាតឱ្យកម្មវិធី Xbox របស់ Microsoft ទទួលបានសិទ្ធិក្នុងការចូលប្រើផ្តាច់មុខសម្រាប់ហ្គេម Activision៕