(អង់ការ៉ា)៖ កីឡាករបាល់ទាត់ Christian Atsu នៅតែបន្តការបាត់ខ្លួននៅឡើយ បន្ទាប់ពីគ្រោះរញ្ជួយដី បានវាយប្រហារប្រទេសទួរគី កាលពីថ្ងៃទី៦ ខែកុម្ភៈកន្លងទៅ, នេះបើតាមការបញ្ជាក់ ពីភ្នាក់ងាររបស់លោក ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន​ BBC នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

កីឡាករអន្តរជាតិហ្គាណា Atsu មិនទាន់រកឃើញនោះទេ ចាប់តាំងពីគ្រោះរញ្ជួយដី ដែលបានបណ្តាលឲ្យបាក់រលំអគារ នៅទីក្រុង Hatay ជាកន្លែងដែលលោកស្នាក់នៅ។

ក្លិបរបស់លោក Hatayspor ដំបូងឡើយ បានរាយការណ៍ថា លោកត្រូវបានជួយសង្គ្រោះ «ជាមួយនឹងរបួស» ប៉ុន្តែមួយថ្ងៃក្រោយមក បានរាយការណ៍ថា ព័ត៌មាននោះមិនមែនជាការពិតនោះទេ។

Nana Sechere ជាភ្នាក់ងាររបស់ Atsu ដែលកំពុងស្ថិតនៅទីក្រុង Hatay បានឲ្យដឹងថា ពួកគេបានរកឃើញទីតាំងបន្ទប់ពិតប្រាកដ ​របស់កីឡាករ Atsu ហើយបានរកឃើញស្បែកជើងជាច្រើនគូរ របស់លោក។

​ភ្នាក់ងារបានឲ្យដឹងដែរថា កាមេរ៉ារូបភាពកំដៅ បានបង្ហាញសញ្ញា «មនុស្សនៅមានជីវិតរហូតដល់៥នាក់» នៅខាងក្រោមកម្ទេចថ្មបាក់បែក, ប៉ុន្តែថាវាមិនអាចបញ្ជាក់ ពីសញ្ញាទាំងនោះបានទេ។

កីឡាករ Atsu បាននឹងកំពុងនៅក្នុងអគារ ជាមួយនឹងមិត្តរួមក្រុម Hatayspor និងមន្ត្រីមួយចំនួនទៀត ពេលគ្រោះរញ្ជួយដីកើតឡើង។ នាយកផ្នែកកីឡារបស់ក្លិប លោក Taner Savut ក៏បាននឹងកំពុងបាត់ខ្លួនផងដែរ។

​សូមជម្រាបថា អ្នកនៅរស់រានមានជីវិតមួយចំនួន នៅតែបន្តទទួលបានការជួយសង្គ្រោះ បន្ទាប់ពីគ្រោះរញ្ជួយដី បានវាយប្រហារ នៅភាគខាងត្បូង ប្រទេសទួរគី និងភាគខាងជើងប្រទេសស៊ីរី ដែលត្រូវបានគេដឹងថា បានសម្លាប់មនុស្សជាង៤០,០០០នាក់៕