(បរទេស)៖ ថ្មីៗទទួលបានរបាយការណ៍មកថា ក្រុមហ៊ុន Xiaomi កំពុងត្រៀមបើកភ្លើងខៀវក្នុងប្រទេសចិនហើយ ក្នុងការទទួលបានអជ្ញាប័ណ្ណផលិតរថយន្តអគ្គិសនីជាលើកដំបូង។ ខណៈដែលក្រុមហ៊ុនចិនមួយនេះហ៊ានប្រថុយសាងសង់រោងចក្រផលិតរថយន្តអគ្គិនីដ៏ធំមួយដែលមានតម្លៃប្រមាណ ១.៥ពាន់លានដុល្លារដោយគ្មានអាជ្ញាប័ណ្ណផលិតពិតប្រាកដ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ArenaEV នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ជុំវិញបញ្ហាជាប់គាំងរឿងផ្តល់អាជ្ញាប័ណ្ណរបស់ Xiaomi ត្រូវបានប្រភពឱ្យដឹងថា Xiaomi បានជាប់ក្នុងកំណែទម្រង់ថ្មី ដែលក្រុមហ៊ុននេះយឺតយ៉ាវក្នុងការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណផលិតកម្មរបស់ខ្លួនក្រោមច្បាប់ចាស់របស់ប្រទេសចិន ហើយច្បាប់ថ្មីនេះតឹងរ៉ឹងខ្លំាងទៅលើក្រុមហ៊ុនផលិតរថយន្តអគ្គិសនី។ ប៉ុន្តែក្នុងចំណោមអ្នកជួបបញ្ហានោះមិនមែនមានតែ Xiaomi ទេដែលបានជាប់គាំងរឿងមិនផ្តល់អាជ្ញាប័ណ្ណសម្រាប់ផលិតរថយន្តទៅលក់នៅខាងក្រៅ នៅមានក្រុមហ៊ុនជាច្រើនទៀតក៏កំពុងតែតស៊ូនឹងបញ្ហានេះ ហើយក្រុមហ៊ុនខ្លះទៀតក៏សម្រេចក្ស័យធនតែម្តង។

តែយ៉ាងណាមិញរបាយការណ៍ចុងក្រោយនេះបង្ហាញថា Xiaomi រកឃើញផ្លូវដោះបញ្ហារបស់ខ្លួនហើយ តាមរយៈបទពិសោធន៍ពីក្រុមហ៊ុនធំៗជាច្រើនជាក់ស្តែដូចក្រុមហ៊ុន Nio ដោយមិនផលិតរថយន្តដោយខ្លួនឯងទេ ប៉ុន្តែផ្ទុយទៅវិញទៅសហការជាមួយក្រុមហ៊ុន JAC ដែលមានអាជ្ញាប័ណ្ណផលិតស្រាប់ និងទទួលបានសិទ្ធដោយស្វ័យប្រវត្តិ។

ជាលទ្ធផល Xiaomi ក៏បានជ្រើសរើសប្រើវិធីសាស្រ្តស្រដៀងគ្នានេះ ហើយជាជាងការរង់ចាំ និងប្រថុយនឹងការពន្យាពេលបន្ថែមទៀតនោះ Xiaomi ក៏បានសម្រេចទិញយកក្រុមហ៊ុនអាល្លឺម៉ង់ Borgward ដែលមានអាជ្ញាប័ណ្ណផលិតរថយន្តស្រាប់ ប៉ុន្តែត្រូវបានក្ស័យធនកាលពីខែវិច្ឆិកាឆ្នាំ២០២២ កន្លងទៅដើម្បីធ្វើជាស្ពានឆ្ពោះទៅរកសិទ្ធពេញលេញក្នុងការផលិតរថយន្តអគ្គិសនីរបស់ខ្លួន។

គួរបញ្ជាក់ដែរថា បើទោះបីជា Xiaomi មិនទាន់ទទួលបានអាជ្ញាប័ណ្ណក្នុងការផលិតរថយន្តអគ្គិសនីក៏ពិតមែន ប៉ុន្តែក្រុមហ៊ុននេះបានផលិតរថយន្តសាកល្បងរបស់ខ្លួនមួយចំនួនរួចទៅហើយ និងកំពុងតែសាងសង់រោងចក្រផលិតដ៏ធំមួយននៅក្នុងទីក្រុងប៉េកាំងប្រទេសចិន ដែលមានតម្លៃខ្ទង់ ១.៥ពាន់លានដុល្លារ និងមានសមត្ថភាពផលិតរថយន្តអគ្គិសនីបានរហូតដល់ទៅ ៣០០,០០០គ្រឿងក្នុងមួយឆ្នាំឯណោះ៕