(ឡុងដ៏)៖ ក្លិបមេឃខៀវ Manchester City ពិតជាធ្វើបានយ៉ាងល្អដោយបានបំបាក់ក្រុមកំាភ្លើងធំ Arsenal ៣-១ ក្នុងជំនួបប្រជែងតំណែងកំពូលតារាងលីគអង់គ្លេស Premier League នាកីឡាដ្ឋាន Emirates Stadium គិតត្រឹមប្រកួតជើងទី១ របស់ក្រុមទាំងពីរ។

តាមរយៈលទ្ធផលនេះ ធ្វើឲ្យក្រុមដឹកនាំដោយលោក Pep Guardiola តាមទាន់ ៥១ពិន្ទុស្មើគ្នាក្នុងតំណែងឈរលើកំពូលតារាងបណ្តោះអាសន្ន ហើយនេះជាការវិលមកឈរកំពូលតារាងសារជាថ្មីបន្តទៀតរបស់ Man City គិតចាប់តាំងពីខែវិច្ឆិកា នាមជាក្រុមការពារតំណែងជើងឯកផងនោះ។

៣គ្រាប់របស់ Man City រកបានដោយកីឡាករសំខាន់ៗ ដូចជាខ្សែបម្រើ Kevin De Bruyne, Jack Grealish និងខ្សែប្រយុទ្ធ Erling Haaland ដ្បិតការតាមបាន ១គ្រាប់របស់ក្រុម្ចាស់ផ្ទះធ្វើបានដោយ Bukayo Saka ហើយនេះក៏ជាការលេងចាញ់លើកទី៣ ក្រោមការដឹកនាំដោយលោក Mikel Arteta គិតត្រឹម ២២ប្រកួត។

ខណៈការស៊ុតបាន ១គ្រាប់បន្ថែមទៀតនេះ របស់កីឡាករ Haaland បានធ្វើឲ្យរូបគេរកបាន ២៦គ្រាប់ច្រើនជាងគេស្ថិតក្នុងរដូវកាលនេះនៃលីគ Premier League ដែលមាន Harry Kane ស៊ុតបាន ១៧គ្រាប់បណ្តោះអាសន្ន។

បញ្ជាក់ផងថា សម្រាប់ប្រកួតជើងទី២ រវាងក្រុម Manchester City និង Arsenal នឹងធ្វើឡើងនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣៕