(ឡុងដ៏)៖ ម្ចាស់ក្លិប Tottenham Hotspur បានបង្ហាញថា មិនមានគោលការណ៍ចង់លក់ក្លិបនេះនោះទេ ក្រោយពេលមានរបាយការណ៍ចំពោះការដេញថ្លៃចង់ទិញក្លិបនេះ។ នេះបើតាមប្រភពពី BBC នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

របាយការណ៍ការមួយត្រូវបានការលើកឡើងថា មហាសេដ្ឋីលោក Jahm Najafi គ្រោងមានការចូលដេញថ្លៃទិញក្លិបនេះ ដោយមានការចង់ផ្តល់ជូនប្រមាណ ៣.១លានផោនចំពោះក្លិបស្ថិតនៅភាគខាងជើងនៃទីក្រុងឡុងដ៏នេះ ខណៈមកទល់ពេលនេះមិនទាន់ការបង្ហាញណាមួយដោយបុរសសញ្ជាតិអាមេរិក- អ៊ីរ៉ង់នេះនោះទេ។

សូមជម្រាបថា ក្លិបលេងនៅលីគ Premier League ផ្សេងទៀតដូចជា Manchester United និង Liverpool ក៏បាននឹងកំពុងស្វែងរកការវិនិយោគផងដែរ, ខណៈវិនិយោគិនមកពីប្រទេសកាតា កំពុងរៀបចំដេញថ្លៃដើម្បីទិញក្លិប Man United ស្របពេលដែលក្រុមហ៊ុន INEOS របស់លោក Jim Ratcliffe តាមរបាយការណ៍ឲ្យដឹងថាបានចូលក្នុងដំណើរការដេញថ្លៃជាផ្លូវការហើយកាលពីខែមុន។

បញ្ចាក់ផងថា បច្ចុប្បន្នក្លិបមាន់ខ្នាយមាស Spurs កំពុងស្ថិតក្រោមការគ្រប់គ្រង់របស់ម្ចាស់លោក Joe Lewis នៃម្ចាស់ក្រុមហ៊ុន ENIC Group និងអ្នកជំនួញសញ្ជាតិអង់គ្លេស លោក Daniel Philip Levy ដែលជាប្រធានក្លិប៕