(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia ព្រមទាំងប្រធានសាខាទាំង៥ និងសមាជិក សរុបចំនួន ១៧រូប កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចូលរួមកម្មវិធី KW Family Reunion ប្រចាំឆ្នាំ២០២៣ចាប់ពីថ្ងៃទី១៨-២១ ខែកុម្ភៈខាងមុខ ដែលមានសមាជិកចូលរួមសរុបខ្ទង់ម៉ឺននាក់ មកពី ៥២ប្រទេស និង ៥ទ្វីបលើពិភពលោក ។

ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យអាមេរិកនៅកម្ពុជារូបនេះ បានចាត់ទុកកម្មវិធីជួបជុំដ៏ធំ និងដំណើរទស្សនកិច្ចជាង១សប្ដាហ៍នេះ គឺជាការបោះជំហានថ្មីមួយទៀត សម្រាប់សមាជិកក្រុមហ៊ុន KW Cambodia ដើម្បីសិក្សាស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗ ក្នុងវិស័យអចលនទ្រព្យជាសកល ក៏ដូចជាការរៀនសូត្រពីបណ្ដាប្រទេសចូលរួម ដើម្បីពាំនាំយកមកអនុវត្ត និងពង្រឹងប្រសិទ្ធភាពការងាររកស៊ីក្នុងវិស័យដីធ្លី ស្របតាមស្ដង់ដារអន្ដរជាតិ ដោយយកច្បាប់ជាគោល ។

ក្រឡេកទៅ ៥ឆ្នាំមុន ពោលគឺមុនពេលឧកញ៉ាបណ្ឌិត គីម ហ៊ាង ចុះហត្ថលេខាទិញសិទ្ធិ (Franchise) ពីក្រុមហ៊ុនអចលនទ្រព្យអាមេរិក Keller Williams Realty (KW) យកមកប្រទេសកម្ពុជា លោកថា ពុំមានប្រទេស ឬសមាជិកណាជឿថា ក្រុមហ៊ុនយក្សអាមេរិកនេះមកកម្ពុជានោះទេ។ ប៉ុន្ដែដោយសារកត្ដាសេដ្ឋកិច្ច ច្បាប់ ពិសេសការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ទើបលោកអាចនាំយក KW មកកម្ពុជា និងបង្កការចាប់អារម្មណ៍ជាខ្លាំង ។

តាមរយៈការចូលរួមកម្មវិធីជួបជុំមហាគ្រួសារ KW ប្រចាំឆ្នាំនៅអាមេរិកនេះ បណ្ឌិតមានសុទិដ្ឋិនិយមថា «អ្វីដែលខ្ញុំរំពឹង ពីឥឡូវតទៅមុខទៀត គឺ KW ជាម៉ូដែលមួយ ដែលបង្ហាញថា កម្ពុជាគឺជាប្រទេសមួយ ដែលក្រុមហ៊ុនអាមេរិកអាចរកស៊ីបាន។ អ៊ីចឹងយើងនឹងព្យាយាមផ្សព្វផ្សាយ គឺជាក្រុមហ៊ុនអាមេរិក ហើយអាមេរិកមករកស៊ីនៅស្រុកខ្មែរ ។ នៅពេលក្រុមហ៊ុនអាមេរិកដឹងថា មានក្រុមហ៊ុនធំ មកស្រុកខ្មែរហើយ គាត់នឹងមករកស៊ីកាន់តែច្រើនថែមទៀត»

ទន្ទឹនជាមួយគ្នាលោកឧកញ៉ា សំ សុខនឿន ប្រធានសាខា KW ខណ្ឌសែនសុខ បានសម្ដែងក្ដីរីករាយ ដែលបានចូលរួមកម្មវិធីដ៏មានអត្ថប្រយោជន៍នេះជាថ្មី ដ្បិតលោកមើលឃើញថា ការចូលរួមកម្មវិធីខាងលើ គឺជាឱកាសសិក្សារៀនសូត្រផង និងផ្សព្វផ្សាយពីសក្ដានុពល និងការអភិវឌ្ឍប្រទេសជាតិផង ។

អ្នកជំនាញរូបនេះបន្ដថា «យើងរំពឹងថា ការចូលរួមនេះ យើងនឹងបានរៀនសូត្រពីគ្រប់បណ្ដាប្រទេសដទៃ ដែលមានការរីកចម្រើនផ្នែកវិស័យអចលនទ្រព្យ ដើម្បីនាំបទពិសោធទាំងអស់នោះ មកចែករំលែក និងរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យប្រទេសកម្ពុជាឲ្យរីកចម្រើន និងមានស្ដង់ដារដូចនៅអាមេរិកដែរ»