(បរទេស)៖ កំពូលមហាសេដ្ឋីលោក Elon Musk ជឿជាក់ថា Twitter អាចនឹងត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាគមន៍នាយកប្រតិបត្តិ (CEO) ថ្មីនៅចុងឆ្នាំ២០២៣ ខាងមុខនេះ។ ថ្លែងនៅឯកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោកនៅថ្ងៃនេះ Musk បាននិយាយថាលោក នឹងចាកចេញពី Twitter ដោយស្ងប់ចិត្ត នៅពេលដែលលោក រៀបចំ Twitter ឱ្យមាន «ស្ថេរភាពហិរញ្ញវត្ថុ» មុនពេលលោកប្រគល់តួនាទីទៅ CEO ថ្មី។ នេះបើយោងតាមការចញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ប្រភពពីសារព័ត៌មាន Bloomberg បានដកស្រង់ពាក្យសំដីរបស់ Musk នៅក្នុងកិច្ចប្រជុំថា «ខ្ញុំត្រូវធ្វើឱ្យ Twitter មានស្ថេរភាពជាមុនសិន ជំហានដំបូងរបស់ខ្ញុំគឺត្រូវបា្រកដថា Twitter ស្ថិតនៅក្នុងកន្លែងដែលមានសុខភាពល្អផ្នែកហិរញ្ញវត្ថុ ហើយជំហានបន្ទាប់គ្រប់អតិថិជនដែលដាក់បង្ហាញផលិតផលនឹងរត់មករក Twitter ដោយខ្លួនឯង»។ «ខ្ញុំគិតថានៅចុងឆ្នាំនេះគួរតែជាពេលវេលាដ៏ល្អក្នុងការស្វែងរក CEO ថ្មីមកជំនួសតំណែងរបសខ្ញុំ»

បន្ទាប់ពីបានចូលកាន់កាប់ Twitter ជាផ្លូវការកាលពីចុងខែតុលា លោក Musk បានបញ្ឈប់បុគ្គលិកជាងពាក់កណ្តាលនៃ Twitter ដើម្បីកាត់បន្ថយការចំណាយ នៅពេលនោះ Musk បាននិយាយថា ការកាត់បន្ថយការងារគឺចាំបាច់ ខណៈដែល Twitter កំពុងខាតបង់ជាង ៤ លានដុល្លារក្នុងមួយថ្ងៃ។ ចាប់តាំងពីពេលនោះមក Musk បានពង្រឹងដំណើរការជាខ្លាំងនៅ Twitter ដោយគម្រោងធំទីមួយរបស់ Musk នៅ Twitter គឺការបើកដំណើរការកំណែថ្មីនៃ Twitter Blue ជាមួយនឹងគោលបំណងរយៈពេលវែងដើម្បីឱ្យ Twitter អាចរកបានពាក់កណ្តាលនៃប្រាក់ចំណូលរបស់ខ្លួនពីការជាវ (Subscription)។ ប៉ុន្តែផែនការនេះហាក់មិនសូវដំណើរការល្អទេ ខណៈដែល Twitter ត្រូវបានគេរាយការណ៍ថាមានអ្នកជាវប្រហែល ២៩០,០០០គណនីប៉ុណ្ណោះនៅក្នុងខែមករា។ នេះតំណាងឱ្យប្រាក់ចំណូលប្រចាំឆ្នាំដែលរកបានមានចំនួនប្រហែល ២៨លានដុល្លារប៉ុណ្ណោះ ដែលចំនួនរកបាននេះស្ទើរតែទប់ចំណាយនៅ Twitter មិនរួចបើធៀបនឹងការខាតបង់ ៤លានដុល្លារដែល Twitter បានបាត់បង់ជារៀងរាល់ថ្ងៃ។

តែយ៉ាងណាជុំវិញការលើកឡើងរបស់ Musk គេមិនទាន់ច្បាស់ទេថា អនាគត Twitter នៅចុងឆ្នាំនេះនឹងទៅជាយ៉ាងណា តាមរយៈហេតុផលកន្លងមករហូតមកទល់ពេលនេះ អតិថិជនដាក់ផ្សាយពាណិជ្ជកម្មនៅ Twitter កំពុងតែដកខ្លួនជាបន្តបន្ទាប់៕