(កូរ៉េ)៖ បើតាមការចេញផ្សាយរបស់សារព័ត៌មាន Yonhap បានឲ្យដឹងថា តារាល្បីៗរបស់កូរ៉េខាងត្បូងជាច្រើននាក់ បានចូលរួមកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយជនរងគ្រោះពីការរញ្ជួយដីដ៏បំផ្លិចបំផ្លាញនៅក្នុងប្រទេសតួគី និងស៊ីរី។ 

គណៈកម្មាធិការបាននិយាយថា Jimin និង J-Hope ដែលជាសមាជិកទាំងពីររូបនៃក្រុមកំពូល K-pop BTS បានបរិច្ចាគ ១០០លានវ៉ុន (៧៧,៩១៨ដុល្លារ) ក្នុងម្នាក់ៗ ដល់គណៈកម្មាធិការកូរ៉េសម្រាប់ UNICEF ដើម្បីប្រើប្រាស់សម្រាប់យុទ្ធនាការសង្គ្រោះបន្ទាន់របស់ខ្លួន សម្រាប់កុមារនៅក្នុងប្រទេសទាំងពីរ។ ការបរិច្ចាគនេះ នឹងត្រូវបានប្រើប្រាស់ជាពិសេសសម្រាប់អាហារូបត្ថម្ភ ទឹកផឹក អនាម័យ និងការការពារកុមារដែលរងផលប៉ះពាល់ដោយការរញ្ជួយដី។

ក្រៅពីនេះតារាសម្ដែង Yoo Jae-suk ក៏បានបរិច្ចាគ១០០ លានវ៉ុន ដល់ Hope Bridge ដែលជាអង្គការសង្គ្រោះគ្រោះមហន្តរាយក្នុងតំបន់ សម្រាប់គម្រោងរបស់ខ្លួនដើម្បីជួយជនរងគ្រោះដោយរញ្ជួយដី។ បន្ថែមពីនេះ អង្គការ Save the Children បាននិយាយថា ក្រុមចម្រៀងស្រី K-pop TWICE បានបរិច្ចាគ ២០០លានវ៉ុន ដើម្បីប្រើប្រាស់ជាជំនួយ។

កន្លងទៅគេឃើញមាន ផលិតកម្មចម្រៀងខ្នាតយក្សចំនួនពីរនៅកូរ៉េខាងត្បូង គឺ HYBE និង SM បានចេញមុខផ្តល់ជំនួយជាទឹកប្រាប់រាប់ម៉ឺនដុល្លារ ជួយជនរងគ្រោះនៅប្រទេសតួកគី និងស៊ីរី ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីដ៏សាហាវ។ ទោះយ៉ាងណាក៏ដោយ នេះគ្រាន់តែជាតារាមួយចំនួនប៉ុណ្ណោះ ខណៈជាក់ស្តែង គឺមានតារារបស់កូរ៉េជាច្រើនរូបទៀតដែលបានបរិច្ចាគ ជាបន្តបន្ទាប់៕