(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានបរិច្ចាគភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតលំដាប់ពិភពលោក Tesla ដែលមានតម្លៃប្រមាណ ១.៩៥ពាន់លានដុល្លារអង្គការសប្បុរសធម៌មួយកាលពីឆ្នាំ២០២២ កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

យោងតាមឯកសារមួយទៅកាន់គណៈកម្មការមូលបត្រអាមេរិក (SEC) បានបង្ហាញនៅថ្ងៃអង្គារសប្តាហ៍នេះថា លោក Musk បានបរិច្ចាគជាភាគហ៊ុនប្រហែល ១១.៦លានហ៊ុននៅចន្លោះខែសីហា និងខែធ្នូ ឆ្នាំ២០២២ ខណៈរបាយការណ៍នេះមិនបានបង្ហាញពីអត្តសញ្ញាណអង្គការណាមួយដែលទទួលបានជំនួយនេះនោះឡើយ។

នេះមិនមែនជាលើកដំបូងដែល Musk បានបរិច្ចាគហ៊ុនរបស់ Tesla ទៅអង្គការសប្បុរសធម៌នោះទេ ដោយឡែកកាលពីឆ្នាំ២០២១ Musk ក៏បានបរិច្ចាគភាគហ៊ុនដែលមានតម្លៃប្រមាណ ៥.៧៤លានដុល្លារផងដែរ។ ទាក់ទិននឹងការបរិច្ចាគស្ទើរតែរាល់ឆ្នាំនេះត្រូវាបានប្រភពឱ្យដឹងថា កាលពីឆ្នាំ២០១២ កន្លងទៅ Musk បានចុះហត្ថលេខាលើ Giving Pledge ដែលជាការប្តេជ្ញាចិត្តរបស់មហាសេដ្ឋីមួយចំនួនក្នុងការផ្តល់ទ្រព្យសម្បត្តិយ៉ាងហោចណាស់ពាក់កណ្តាលរបស់ពួកគេដល់មនុស្សធម៌ ក្នុងជីវិតរបស់ពួកគេ ឬមុនពេលពួកគេស្លាប់។

តែយ៉ាងណាជុំវិញការផ្តល់ជំនួយនេះបើទោះបីជាមានហេតុផលសមស្របណាមួយក៏ដោយប៉ុន្តែនៅតែត្រូវបានអ្នកវិភាគជាច្រើននាំគ្នាវិភាគថា Musk ប្រហែលជាទទួលបានអត្ថប្រយោជន៍ពីការផ្តល់អំណោយដល់ភាគហ៊ុន Tesla ប្រសិនបើគាត់បរិច្ចាគវាទៅអង្គការសប្បុរសធម៌ ដោយក្នុងនោះរាប់ចាប់តាំងពីភាគហ៊ុនដែលបានបរិច្ចាគទៅអង្គការសប្បុរសធម៌មិនចាំបាច់បង់ពន្ធលើការបង្កើនដើមទុន ដូចដែលពួកគេចង់បានប្រសិនបើពួកគេត្រូវបានលក់៕