(ភ្នំពេញ)៖ យុទ្ធនាការបង្កើនការយល់ដឹងជាសាធារណៈ «ឥទ្ធិពលនៃពាក្យថាទេ» បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ដោយការនិយាយថា «ទេ» ចំពោះការបើកបរទាំងស្រវឹង ដែលធ្វើឲ្យយុវជនអាចរក្សាខ្លួនឯងឲ្យមានសុវត្ថិភាព ការពារមនុស្សជាទីស្រលាញ់របស់ពួកគេ និងបង្កើនសុវត្ថិភាព និងឱកាសក្នុងសហគមន៍របស់ពួកគេកាន់តែល្អប្រសើរឡើង។

សមាគមរថយន្តកម្ពុជា CaMSafe និងសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដោយមានការគាំទ្រពីគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិ និងដៃគូអនុវត្តរបស់ពួកគេ គឺសមាគមរថយន្តនៃប្រទេសវៀតណាម (AAV) បានរួមគ្នាអប់រំយុវជនអំពីគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយការបើកបរទាំងស្រវឹង។

យុទ្ធនាការនេះត្រូវបានគាំទ្រដោយអង្គការ Asia Pacific International Spirits and Wines Alliance (APISWA) និងទីភ្នាក់ងារច្នៃប្រឌិត Orès ដោយមានការគាំទ្រពី វិទ្យាស្ថានអង្គការសហប្រជាជាតិបណ្តុះបណ្តាល និងស្រាវជ្រាវ (UNITAR) ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) និង ក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន (EU-ABC)។

យុទ្ធនាការ «ឥទ្ធិពលនៃពាក្យថាទេ» កំណត់គោលដៅយុវជនអាយុ ១៨-៣០ឆ្នាំ នៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំមួយ៖ កម្ពុជា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាម។
ក្នុងនោះ បានប្រមូលផ្តុំដៃគូអន្តរជាតិជាង២០ ដែលតំណាងឲ្យរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ឯកជន និងអង្គការសហគមន៍ដើម្បីផ្តល់សិទ្ធិអំណាចដល់យុវជន និងលើកកម្ពស់ការផ្លាស់ប្តូរអាកប្បកិរិយានៅពេលនិយាយដល់ការទទួលទានគ្រឿងស្រវឹង និងការបើកបរ។

សម្រាប់ឆ្នាំមុនយុទ្ធនាការ «ឥទ្ធិពលនៃពាក្យថាទេ» ដែលត្រួសត្រាយដឹកនាំផ្លូវបានផ្សព្វផ្សាយការយល់ដឹងដល់យុវជន៣៩លាននាក់ តាមរយៈវីដេអូឃ្លីប ក្រាហ្វិកព័ត៌មានដែលទាក់ភ្នែក វីដេអូពាណិជ្ជកម្ម និងការពិតសំខាន់ៗ ដែលត្រូវបានអប់រំឲ្យកាន់តែប្រសើរឡើងអំពីការបើកបរទាំងស្រវឹង។

នៅខែកញ្ញា ឆ្នាំ២០២២ យុទ្ធនាការនេះបានចាប់ផ្តើមកម្មវិធី ប្រកួតរូបថតអន្តរជាតិ ក្រោមប្រធានបទ «មិត្តមិនបណ្តោយឲ្យមិត្តបើកបរទាំងស្រវឹងឡើយ»។ កម្មវិធីប្រកួតនេះ បានលើកទឹកចិត្តដល់ក្រុមមិត្តភ័ក្តិឲ្យធ្វើការរួមគ្នាដើម្បីបញ្ឈប់ការបើកបរទាំងស្រវឹង ហើយបានធ្វើឲ្យអ្នកចូលរួមការប្រកួតគិតត្រិះរិះអំពីរបៀប ដែលពួកគេនឹងធ្វើសកម្មភាពនៅពេលក្រោយដែលពួកគេឃើញមិត្តភក្ដិស្រវឹង។

ក្នុងនោះ បានផ្សព្វផ្សាយដល់យុវជន ជាង៧លាននាក់ ដែលមានជាង៤៥០,០០០ នៃ Like, Comment, Share ក្នុងអំឡុងពេលពីរខែនៅលើ Facebook, Instagram, Tik Tok និង PartiPost។ តាមរយៈការចូលរួម យុវជនបានស្វែងយល់បន្ថែមអំពីរបៀបដែលគ្រឿងស្រវឹងធ្វើការក្នុងរាងកាយ យល់អំពីកាតព្វកិច្ចផ្លូវច្បាប់ និងបានសាកល្បងគន្លឹះមានប្រយោជន៍ដើម្បីជៀសវាងការបើកបរទាំងស្រវឹង។

លោក Vijay Subramaniam ប្រធាន APISWA ដែលក៏ជាប្រធានប្រចាំតំបន់អាជីវកម្មលក់រាយការធ្វើដំណើរទេសចរណ៍ នៃទ្វីបអាស៊ី មជ្ឈិមបូព៌ា និងអាហ្រ្វិក និងសកលលោកនៅ Bacardi បានចែករំលែកថា «យើងមានកិត្តិយសដែលជាផ្នែកមួយនៃសម្ព័ន្ធភាពធំ និងទូលំទូលាយ នៃដៃគូដែលមានគោលដៅតែមួយ ដើម្បីផ្លាស់ប្តូរអាកប្បកិរិយា និងផ្តល់ឲ្យមនុស្សពេញវ័យនូវមធ្យោបាយដើម្បីកសាងអនាគតដ៏ល្អប្រសើរ និងកាន់តែមានសុវត្ថិភាពសម្រាប់ខ្លួនពួកគេ និងអ្នកដទៃ»

លោកបន្ដថា យុទ្ធនាការ «ឥទ្ធិពលនៃពាក្យថាទេ» បង្ហាញពីអំណាចនៃភាពជាដៃគូ និងដំណោះស្រាយរួមចំពោះផលប៉ះពាល់ដែលអាចមាន ដើម្បីគាំទ្ររបៀបវារៈសកលរួមមួយក្នុងការកាត់បន្ថយការស្លាប់ និងរបួសចរាចរណ៍លើដងផ្លូវ។

តាមរយៈការផ្សព្វផ្សាយការយល់ដឹង និងការបំផុសការចូលរួមពីយុវជន ក្រុមការងារនៃយុទ្ធនាការនេះ សង្ឃឹមថា ពួកគេនឹងជះឥទ្ធិពលលើក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ពួកគេឲ្យក្លាយជាអ្នកបើកបរដែលមានទំនួលខុសត្រូវ និងឃ្លាំមើលគ្នាទៅវិញទៅមកសម្រាប់មនុស្សជំនាន់ក្រោយ។ នៅឆ្នាំ២០២៣ យុទ្ធនាការ «ឥទ្ធិពលនៃពាក្យថាទេ» រំពឹងថានឹងពង្រីកទៅបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិកផ្សេងទៀត ដើម្បីលើកទឹកចិត្តឲ្យមានការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ និងការផ្លាស់ប្តូរអាកប្បកិរិយាជាប់យូរអង្វែងចំពោះយុវជន៕