(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានរៀបចំសិក្ខាសាលាផ្ទៃក្នុងស្តីពី ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ក្នុងគោលបំណងផ្សព្វផ្សាយ និងណែនាំការប្រើប្រាស់សៀវភៅប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ ស្វែងយល់ និងចូលរួមការពារបរិស្ថានក្នុងតំបន់អង្គរដល់មន្រ្តី-បុគ្គលិករបស់អាជ្ញាធរជាតិអប្សរាចំនួន៦២នាក់។

សិក្ខាសាលានេះធ្វើឡើងនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា ក្នុងនោះមកពីនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងនាយកដ្ឋានសណ្តាប់ធ្នាប់។ ក្នុងឱកាសនោះអញ្ជើញចូលរួមជាអធិបតី លោក សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថាន និងតំណាងលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

លោក សុខ លក្ខិណា បានឲ្យដឹងថា ជាធម្មតាអាជ្ញាធរជាតិអប្សរាធ្វើសិក្ខាសាលាស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ ធ្វើឡើងក្នុងមួយឆ្នាំ៤ដង សំខាន់សំដៅមុនដំបូងសម្រាប់មន្រ្តី-បុគ្គលិក ភ្នាក់ងារចូលចម្រើការងារថ្មី ដើម្បីឱ្យយល់ដឹងពីបញ្ហាបរិស្ថាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

លោកបន្តថា អាជ្ញាធរជាតិអប្សរាចុះហត្ថលេខាជាមួយស្ថាប័ន Japan Quality Assurance (JQA) តាំងពីឆ្នាំ២០០៥ គិតមកដល់ឆ្នាំ២០២២ រយៈពេល១៦ឆ្នាំហើយ។ អាជ្ញាធរជាតិអប្សរាទទួលបានវិញ្ញាបនបត្រចំនួន៥ ដែលវិញ្ញាបនបត្រមួយមានសុពលភាពរយៈពេល៣ឆ្នាំ។ ដោយឡែកវិញ្ញាបនបត្រទី៦ កំពុងរងចាំលទ្ធផលជាក់ស្តែងនៅចុងខែមេសា ឆ្នាំ២០២៣ខាងមុខ ដែលស្ថាប័ន JQA នឹងចុះមកធ្វើសវនកម្មដើម្បីពិនិត្យការអនុវត្តវាយតម្លៃជាក់ស្តែង នូវអ្វីដែលស្ថាប័ននេះបានកំណត់។ ដូច្នេះសិក្ខាសាលានេះនឹងបានផ្តល់ជាប្រយោជន៍ដល់សិក្ខាកាមគ្រប់រូបយកទៅអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនបានត្រឹមត្រូវតាមស្តង់ដា ដើម្បីតម្លៃរមណីយដ្ឋានយើងទាំងអស់គ្នា។

លោក ប្រាំង ឡែន សិក្ខាកាមមកពីនាយកដ្ឋានសណ្តាប់ធ្នាប់ បានឱ្យដឹងថា សិក្ខាសាលានេះបានផ្តល់ចំណេះដឹងច្រើនទាក់ទងនឹងបរិស្ថាន និងការគ្រប់គ្រងប្រព័ន្ធធារាសាស្រ្តនៅក្នុងតំបន់អង្គរ។ អ្វីដែលវាគ្មិនអ្នកជំនាញបានធ្វើបទបង្ហាញ ឃើញថាសមស្របដែលត្រូវស្វែងយល់ ហើយចំណេះដឹងដែលទទួលបាន នឹងយកទៅអនុវត្តលើការងារប្រចាំថ្ងៃដើម្បីឱ្យបានកាន់តែល្អប្រសើរថែមទៀត។ លោក ប្រាំង ឡែន បញ្ជាក់ថា បរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរពិតជាសំខាន់ណាស់ ជាផ្នែកមួយលើកតម្លៃ បង្កើនសោភ័ណភាពរមណីយដ្ឋានអង្គរ ទាក់ទាញភ្ញៀវទេសចរមកទស្សនាម្តងហើយម្តងទៀតមិនជិនណាយ។

លោក ភឿង សុភាន់ ភ្នាក់ងារទេសចរណ៍ប្រចាំការប្រាសាទអង្គរវត្ត មកពីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានលើកឡើងថា សិក្ខាសាលានេះមានសារៈសំខាន់ក្នុងការប្រព្រឹត្តិឥរិយាបថរស់នៅប្រចាំថ្ងៃ ក្នុងសហគមន៍ និងការងារ។ ការគ្រប់គ្រងបរិស្ថានត្រូវចាប់ផ្តើមពីខ្លួនយើង រួមគ្នាសម្អាត ជៀសវាងមានបរិស្ថានមិនល្អ ប៉ះពាល់ដល់តម្លៃប្រាសាទ និងអារម្មណ៍ភ្ញៀវទេសចរផង។ លោក សុភាន់ ក៏នឹងយកចំណេះដឹងដែលទទួលបានថ្ងៃនេះទៅចែករំលែកដល់ក្រុមការងារ សហគមន៍ និងភ្ញៀវទេសចរ ដើម្បីលើកកម្ពស់បរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរបានកាន់តែល្អប្រសើរទ្វេឡើង។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពីដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ មានធ្វើបទបង្ហាញពីវាគ្មិនជំនាញរបស់អាជ្ញាធរជាតិអប្សរាស្តីពីការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ គោលនយោបាយបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដំណើរការអនុវត្តប្រព័ន្ធគ្រប់គ្រងបរិស្ថានដើម្បីតំបន់អង្គរ និងចុងក្រោយមានសំណួរ-ចម្លើយ និងមតិសំណូមពរ ដើម្បីឱ្យសិក្ខាកាមលើកឡើងនូវមតិផ្សេងៗ និងបានយល់កាន់តែច្បាស់ថែមទៀត៕