(កំពង់ចាម)៖ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម (UME) បានរៀបចំការប្រកួតកីឡាបាល់ទាត់ ដណ្ដើមពានរង្វាន់គ្មានគ្រាប់មីន ដែលការប្រកួតនេះ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានបាល់ទាត់វិទ្យាល័យព្រះសីហនុ ក្នុងក្រុងកំពង់ចាម ក្នុងគោលបំណងអបអរ ថ្ងៃប្រកាសខេត្តកំពង់ចាម ជាខេត្តអស់មីន ក្រោមការឧបត្ថម្ភរបស់លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ម.ស.ម.ក (CMAC)។

លោក មួន វាសនា ទីប្រឹក្សាសម្ដេចពញាចក្រីហេងសំរិន និងជាសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច បានថ្លែងថា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ គឺខេត្តកំពង់ចាមត្រូវបានប្រកាសជាខេត្តអស់មីន ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកថា ទន្ទឹមនឹងនេះសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានសហការជាមួយ មជ្ឈមណ្ឌលកម្ចាត់មីន ស៊ីម៉ាក់ ដោយបានការផ្ដួចផ្ដើមពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ បានបង្កើតមានរង្វាន់មួយមានឈ្មោះថា«ពានរង្វាន់បាល់ទាត់គ្មានមីន»

លោក មួន វាសនា បានបញ្ជាក់ទៀតថា ការប្រកួតនេះគឺដើម្បីអបអរសាទរ ការប្រកាសគ្មានមីននៅក្នុងខេត្តកំពង់ចាម ដែលជាការប្រកួតមិត្តភាព រវាងក្រុមកីឡាបាល់ទាត់នៃសាកលវិទ្យាល័យ UME ខេត្តកំពង់ចាម និង និងក្រុមកីឡានៃវិទ្យាល័យព្រះសីហនុ។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ម.ស.ម.ក (CMAC) លោក ហេង រតនា បានថ្លែងថា នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ សម្រាប់ខេត្តកំពង់ចាម អង្គភាពស៊ីម៉ាក់បានពង្រាយកម្លាំងប្រតិបត្តិការ បោសសម្អាតជាខេត្តគ្មានគ្រាប់មីនប្រឆាំងមនុស្សចាប់ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២២ និងបានបញ្ចប់ជាស្ថាពរ នៅចុងខែវិច្ឆិកាឆ្នាំ ២០២២កន្លងទៅនេះ។

លោកថា ជាលទ្ធផលអង្គភាព បានបោសសម្អាតគ្រាប់មីន ទាំងនៅក្នុងតំបន់រងផលប៉ះពាល់ដែលនៅសល់ និងបានកំណត់ត្រានៅក្នុងប្រព័ន្ធទិន្នន័យជាតិ ក្នុងខេត្តកំពង់ចាម ចំនួន ១១ ចំការមីន មានផ្ទៃដីសរុបជាង ១លានម៉ែត្រក្រឡា។ គ្រប់រកឃើញ និងកម្ទេចចោល គ្រាប់មីនប្រឆាំងមនុស្ស ៣៩គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣២គ្រាប់។ លទ្ធផលនៃប្រតិបត្តិការនេះជាសមិទ្ធផលចុងក្រោយ នៅកិច្ចប្រតិបត្តិការដែលត្រូវបិទបញ្ចប់តំបន់ មានបញ្ហាគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្សនៅក្នុងខេត្តកំពង់ចាមទាំងស្រុង៕