(ភ្នំពេញ)៖ ក្រុមហ៊ុន Panasonic Cambodia នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានផ្តល់អាហារូបករណ៍ដល់និស្សិតឆ្នើមកម្ពុជាចំនួន ៣ រូប មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។

កម្មវិធីអាហារូបករណ៍នៃ Panasonic ប្រចាំអាស៊ី ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៤ ក្នុងគោលបំណងជំរុញយុវជនវ័យក្មេង អ្នកមានទេពកោសល្យ ដើម្បីដឹកនាំអាស៊ីក្នុងសតវត្សរ៍ទី ២១ ដែលជាផ្នែកមួយនៃការរួមចំណែក ក្នុងការអភិវឌ្ឍធនធានមនុស្ស។ វាផ្តល់ឱកាសដល់អ្នកដឹកនាំជំនាន់ក្រោយ មកពីប្រទេសក្នុងតំបន់ចំនួន ៩ រួមទាំងប្រទេសកម្ពុជា ក្នុងមធ្យោបាយផ្តល់កម្មសិក្សា ជំនួយអភិវឌ្ឍន៍ និងជំនួយហិរញ្ញវត្ថុ ដើម្បីអោយនិស្សិតអាចបន្តការសិក្សារបស់ពួកគេដោយរលូន។ នៅក្នុងឆ្នាំ ២០២១ កម្មវិធីអាហារូបករណ៍នៃ Panasonic ប្រចាំអាស៊ី បានឧបត្ថម្ភដល់និស្សិតអាហារូបករណ៍ចំនួន៧៩៧នាក់។

លោក យ៉ាស៊ូណូប៊ុ ម៉ាសឹម៉ូតុ អគ្គនាយក ក្រុមហ៊ុន Panasonic ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ក្រុមហ៊ុននឹងបន្ត រួមចំណែកកសាងសមត្ថភាពនៅក្នុងចំណោមយុវជនជំនាន់ក្រោយនៃប្រទេសកម្ពុជា។

ស្ថាបនិករបស់ក្រុមហ៊ុន លោកកូណូស៊ូកេ ម៉ាសឹស៊ីតា ធ្លាប់មានប្រសាសន៍ថា «យើងត្រូវអភិវឌ្ឍធនធានមនុស្ស មុនពេលផលិតផលិតផល"។ យើងបានបណ្តុះគំនិតនេះក្នុងចិត្ត ហើយនោះជាមូលហេតុ ដែលយើងប្តេជ្ញាត្រូវតែបន្តរក្សានូវកេរដំណែលរបស់គាត់ ក្នុងការពង្រីកសក្តានុពលធនធានមនុស្សរបស់យើង ហើយជាការឆ្លើយតប យើងនឹងផ្តល់ការបណ្តុះបណ្តាលដល់ពួកគេ ឲ្យក្លាយជាអ្នកដឹកនាំជំនាន់ក្រោយដ៏មានសមត្ថភាព»។

លោក ជិន វឺន នាយកគ្រប់គ្រងអាហារូបករណ៍ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្ត មានប្រសាសន៍ថា «សម្រាប់និស្សិតរបស់យើង កម្មវិធីអាហារូបករណ៍នេះគឺមានសារៈសំខាន់ណាស់។ វាជួយដល់និស្សិតដែលមានបញ្ហាសេដ្ឋកិច្ច ឱ្យឱកាសពួកគេបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងឳកាសអាចចុះហាត់ការ និងទទួលបានបទពិសោធន៍ដ៏ល្អ ពីក្រុមហ៊ុនអន្តរជាតិមួយនេះ ។ កម្មវិធីមួយនេះ ពិតជាលើកស្ទួយ និងលើកទឹកចិត្ត ចំពោះនិស្សិត ដែលមានការខិតខំប្រឹងប្រែងតស៊ូរៀនសូត្រ មានប្រវិត្តការសិក្សាល្អ និងមានគោលដៅច្បាស់លាស់សម្រាប់ថ្ងៃអនាគតរបស់ខ្លួន»។

លោក យឿន សារ៉ែម ប្រធានដេប៉ាតឺម៉ង់វិស្វកម្មអគ្គិសនី និងអេឡិចត្រូនិចមកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ក៏បានបន្ថែមថា «ការអប់រំតាមទ្រឹស្តីនៅក្នុងថ្នាក់រៀនគឺមិនគ្រប់គ្រាន់ទេ។ តាមរយៈឳកាសចុះហាត់ការដែលផ្តល់ដោយ Panasonic រួមជាមួយនឹងអាហារូបករណ៍ សិស្សរបស់យើងនឹងទទួលបានរបៀបសិក្សាបន្ថែមដើម្បីដុសខាត់ជំនាញ និងរបៀបរបបធ្វើការនៅក្នុងស្ថានភាពនៃប្រតិបត្តិការជាក់ស្តែង បន្ថែមលើជំនួយផ្នែកសេដ្ឋកិច្ច»។

ក្នុងអំឡុងពេលបង្ហាញសារជាវីដេអូ អ្នកគ្រប់គ្រងការិយាល័យទំនួលខុសត្រូវសង្គមរួម CSR & Citizenship នៃសាជីវកម្ម Panasonic ក្នុងប្រទេសជប៉ុន លោក ណាអូយូគី តាដា មានប្រសាសន៍ថា «ខ្ញុំរំពឹងថាអ្នកនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពពីឱកាសនេះ ហើយសិក្សាឱ្យអស់ពីសមត្ថភាពសម្រាប់អនាគតរបស់អ្នកដើម្បីធ្វើរឿងដ៏អស្ចារ្យ នៅក្នុងវិស័យរៀងៗខ្លួន។

លោកក៏បានបន្ថែមថា «ខ្ញុំសូមអបអរសាទរដល់និស្សិត អាហារូបករណ៍ទាំងបីរបស់យើងម្តងទៀត សូមខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីបង្កើតសង្គមឱ្យកាន់តែប្រសើរឡើង»

ក្រុម Panasonic រួមជាមួយនឹងអ្នកចូលរួមនៅក្នុងកម្មវិធីទាំងអស់ សូមជូនពរទៅកាន់និស្សិតអាហារូបករណ៍ឆ្នាំ នេះអោយក្លាយជាសិស្សល្អបំផុត ដែលពួកគេអាចធ្វើបាន ។ Panasonic នឹង បន្តគាំទ្រដល់អ្នកដែលចង់រៀនសូត្រ និង ក្លាយជាធនធានមនុស្ស ដែលនឹងកសាងអនាគតហួសពីព្រំដែនកំណត់របស់ខ្លួន៕