(ពោធិ៍សាត់)៖ លោក ងួន ប៉ោសេង អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកឧកញ៉ា ហួត អៀងតុង អគ្គនាយកធនាគារហត្ថា នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រង្វាន់ ជូនដល់សិស្សនិទ្ទេស A B និង C នៃវិទ្យាល័យពោធិ៍សាត់ ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ​សរុបចំនួន៦៥​នាក់។

ពិធីនេះត្រូវបានធ្វើឡើងនៅក្នុងបរិវេណនៃវិទ្យាល័យពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង និងបុគ្គលិក ធនាគារហត្ថា ព្រមទាំងលោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជិត ៥០០នាក់។

លើកឡើងនាឱកាសនោះលោកឧកញ៉ា ហួត អៀងតុង និងលោក ងួន ប៉ោសេង បានឱ្យដឹងថា កម្មវិធីថ្ងៃនេះបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ របស់ធនាគារហត្ថា ចំពោះវិស័យអប់រំ ក្នុងន័យកសាងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ឆ្ពោះទៅរកការបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខឥតឈប់ឈរ។

លោកបានបន្តថា តាមរយៈកម្មវិធីប្រគល់រង្វាន់របស់ធនាគារហត្ថា ជូនដល់សិស្សវិទ្យាល័យពោធិ៍សាត់ ដែលទើបតែប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេស A B និង C នាថ្ងៃនេះ គឺជាសារដ៏មានសារៈសំខាន់ សម្រាប់សិស្សានុសិស្សជំនាន់ក្រោយ ព្យាយាមខិតខំប្រឹងប្រែងសិក្សា ដើម្បីទទួលបានលទ្ធផលល្អ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរបស់ខ្លួន ដើម្បីក្លាយជាបញ្ញាវន្តដ៏មានតម្លៃ និងប្រកបដោយសមត្ថភាពខ្ពស់ ក្នុងការបន្តវេនកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យថ្កុំថ្កើងជានិរន្តរ៍។

ថ្នាក់ដឹកនាំទាំង២ បានបន្ថែមថា ទាំងអស់នេះក៏ដោយសារសាស្ត្រាចារ្យ គណៈគ្រប់គ្រង​សាលា មាតាបិតា អាណាព្យាបាល តែងតែលើកទឹកចិត្ត ជម្រុញតាមដាន និងចូលរួមគាំទ្រគ្រប់សកម្មភាព នៃការសិក្សារបស់កូនចៅរបស់ខ្លួន និងគួបផ្សំទៅនឹងឧស្សាហ៍ព្យាយាមរៀនសូត្ររបស់ក្មួយៗ ទើបទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ សិស្សានុសិស្សគឺជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេន ក្នុងប្រទេសដែលមានសុខសន្តិភាពពេញលេញ ហេតុនេះសូមក្មួយៗចេះតស៊ូអំណត់ព្យាយាម សិក្សារៀនសូត្រឱ្យបានពូកែថែមទៀត ត្រូវធ្វើអំពើណាដែលល្អ មានផលប្រយោជន៍ខ្លួនឯង ដល់សង្គម ចៀសឱ្យឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខ ត្រូវប្រតិបត្តិខ្លួនជាកូនល្អ សិស្សល្អ និងមិត្តភក្តិល្អ គោរពប្រតិបត្តិច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។

សូមបញ្ជាក់ថា ធនាគារហត្ថា បានរៀបចំរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សថ្នាក់ទី១២​ នៃវិទ្យាល័យពោធិ៍សាត់ ដែលបានខិតខំប្រឹងប្រែងសិក្សា រហូតទទួលបានលទ្ធផលល្អ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗនេះ ក្នុងនោះរួមមានសិស្សនិទ្ទេស A ចំនួន៧​នាក់ ម្នាក់ៗទទួលបាន ​កុំព្យូទ័រយួរដៃ ចំនួន១គ្រឿង និងថវិកា១លានរៀល, សិស្សនិទ្ទេស B ចំនួន១៤នាក់ ម្នាក់ៗទទួលបាន ថវិកា១លានរៀល និងសិស្សនិទ្ទេស C ចំនួន៤៤នាក់ ម្នាក់ៗទទួលបានថវិកា៤០ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូ ប្រមាណជាង ១០០នាក់ ម្នាក់ៗទទួលបាន ថវិកា៥ម៉ឺនរៀល និងវត្ថុអនុស្សាវរីយ៍ ពីធនាគារហត្ថាមួយចំនួនទៀត។ លើសពីនេះក៏មានពិធីប្រគល់បង់អង្គុយ ចំនួន២៥បង់ ជូនដល់វិទ្យាល័យពោធិ៍សាត់, ការិយាល័យអប់រំ យុវជន និងកីទ្បាក្រុងពោធិ៍សាត់ និងសាលាបឋមសិក្សាពោធិ៍សាត់ ទុកសម្រាប់ប្រើប្រាស់ផងដែរ៕