(បរទេស)៖ កាលពីពេលថ្មីៗនេះសហស្ថាបនិកក្រុមហ៊ុន Meta Platforms លោក Mark Zuckerberg បានប្រកាសបញ្ឈប់បុគ្គលិកប្រមាណ ១១,០០០នាក់ក្រោមហេតុផលកាត់បន្ថយចំណាយក្នុងក្រុមហ៊ុន។ ដោយឡែកបន្ទាប់ពីការបញ្ឈប់បុគ្គលិករួចរាល់ប្រាក់សន្តិសុខ ឬហៅថាប្រាក់ធានារ៉ាប់រងរបស់ លោក Mark Zuckerberg បានហក់ឡើងខ្ពស់ដល់ ១៤លានដុល្លារឯណោះក្នុងមួយឆ្នាំដែលកើនឡើងពី ៤លានដុល្លារដែលទទួលបានជារៀងរាល់ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមខ្លឹមសារចេញផ្សាយក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Meta បាននិយាយនៅក្នុងឯកសារមួយថា «ការបង្កើនប្រាក់ឧបត្ថម្ភសម្រាប់ Zuckerberg និងគ្រួសាររបស់គាត់ រួមជាមួយនឹងការចំណាយលើកម្មវិធីសន្តិសុខរួមរបស់ Zuckerberg ដែលមានស្រាប់ គឺសមស្រប និងចាំបាច់ក្នុងកាលៈទេសៈនេះ»។

គួរបញ្ជាក់ដែរថា បុរសវ័យ ៣៨ឆ្នាំរូបនេះបានជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីទី១៦ ក្នុងបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes និងទទួលបានសំណងកញ្ចប់ប្រាក់ខែប្រមាណ ២៧លានដុល្លារកាលពីឆ្នាំ២០២១ ។ តែយ៉ាងសម្រាប់ឆ្នំា ២០២២ កន្លងទៅថ្មីៗនេះ Meta នៅមិនទាន់បង្ហាញកញ្ចប់ប្រាក់ខែរបស់លោក Mark Zuckerberg នៅឡើយនោះទេ៕