(ឡុងដ៍)៖ អ្នកចាត់ការក្លិប Tottenham Hotspur លោក Antonio Conte នឹងខកខានក្នុងការដឹកនាំក្រុមនាមជាម្ចាស់ផ្ទះស្ថិតក្នុងលីគ Premier League ដែលត្រូវប៉ះក្រុម West Ham United នៅថ្ងៃអាទិត្យសប្តាហ៍នេះ, ខណៈលោកកំពុងបន្តការជាសះស្បើយ ពីការវះកាត់ថង់ទឹកប្រមាត់, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក Conte កំពុងតែស្នាក់នៅប្រទេសអ៊ីតាលី បន្ទាប់ពីការបរាជ័យ ១-០ របស់ Tottenham ក្រោមថ្វីជើងក្រុម AC Milan ក្នុងលីគ Champions League កាលពីថ្ងៃអង្គារកន្លងទៅ។

ក្លិប Tottenham បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «បន្ទាប់ពីការជួបជាមួយវេជ្ជបណ្ឌិត ដើម្បីត្រួតពិនិត្យសុខភាពក្រោយពេលការវះកាត់ នៅអ៊ីតាលី កាលពីថ្ងៃពុធ, លោក Antonio Conte នឹងបន្តនៅឯផ្ទះគ្រួសាររបស់លោកបន្តទៀត ដើម្បីថែរក្សាធ្វើឱ្យសះស្បើយពេញលេញ ពីការវះកាត់ថង់ទឹកប្រមាត់របស់លោក កាលពីពេលថ្មីៗនេះ»

បុរសវ័យ ៥៣ឆ្នាំរូបនេះ បានខកខានការប្រកួតឈ្នះ ១-០ របស់ Tottenham លើក្រុម Manchester City កាលពី ១១ថ្ងៃមុនបន្ទាប់ពីទទួលការវះកាត់ ប៉ុន្តែបានវិលត្រឡប់មកវិញ ក្នុងការប្រកួតលីគ Premier League កាលពីចុងសប្តាហ៍មុន ប៉ះក្រុម Leicester City ដោយពួកគេបានបំបាក់ក្នុងលទ្ធផល ៤-១។

លោក Cristian Stellini ដែលជាជំនួយការរបស់លោក Conte នឹងទទួលបន្ទុកម្តងទៀត ក្នុងការដឹកនាំក្រុមជម្រើសដំបូងនេះ។ សូមជម្រាបថា Tottenham កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៥ ក្នុងលីគ Premier League ជាបណ្តោះអាសន្ន៕