(ហាណូយ)៖ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន Philippe Troussier បានក្លាយជាគ្រូបង្គោលថ្មី របស់ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម, នេះបើតាមសហព័ន្ធបាល់ទាត់វៀតណាម (VFF) បានប្រកាស ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

VFF បានឲ្យដឹងថា កិច្ចព្រមព្រៀងមួយត្រូវបានយល់ព្រម ជាមួយបុរសសញ្ជាតិបារាំង Philippe Troussier ដើម្បីទទួលតំណែងដឹកនាំទាំងក្រុមជម្រើសជាតិឈុតធំ និងក្រុម U-22 និង U-23 របស់វៀតណាម បន្ទាប់ពីការចាកចេញរបស់បុរសសញ្ជាតិកូរ៉េខាងត្បូង Park Hang-seo។

VFF បន្តឲ្យដឹងថា «លោក Philippe Troussier បានព្រមព្រៀងជាមួយគ្នា ចំពោះការព្រមព្រៀងជាមូលដ្ឋាន និងការព្រមព្រៀង លើខ្លឹមសារពាក់ព័ន្ធនឹងការងារ... ព្រមទាំងគោលបំណង និងការងារដែលនឹងមកដល់នាពេលខាងមុខ»

លោក Troussier ដែលពីមុនធ្លាប់ដឹកនាំក្រុម U-19 របស់វៀតណាមនោះ ត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសតែងតាំងតួនាទីជាផ្លូវការ នៅឯពិធីមួយក្នុងទីក្រុងហាណូល មុនពេលដាច់ខែនេះ៕