(ក្រុងឡុងដ៍)៖ សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA បានសម្រេចដាក់ចេញនូវការស៊ើបអង្កេតមួយ លើករណីកីឡាករ Kevin de Bruyne របស់ក្លិបមេឃខៀវ Manchester City ត្រូវបានអ្នកគាំទ្រគប់ដបទឹកត្រូវរូបគេនាអំឡុងប្រកួតដែលបានយកឈ្នះ Arsenal ក្នុងលីគ។

ខ្សែបម្រើអន្តរជាតិប៊ែលហ្សិកខាងលើនេះ ត្រូវបានវាយប្រហារដោយដបទឹកជ័រ នៅអំឡុងពេលរូបលោកត្រូវបានប្តូរចេញ ដែលជាអ្នករកបានគ្រាប់បើកឆាកឲ្យ Man City និងបញ្ជូនបាន ១គ្រាប់ផងដែរក្នុងជ័យជម្នះ ៣ទល់នឹង១ ទៅលើម្ចាស់ផ្ទះកាំភ្លើង Arsenal ក្នុង Premier League កាលពីរាត្រីថ្ងៃពុធ។

លោកអាជ្ញាកណ្តាល Anthony Taylor ត្រូវបានគេជឿជាក់ថា ក៏បានស្នើសុំឲ្យមានការពិនិត្យឡើងវិញក្នុងរបាយការណ៍ប្រកួតរបស់លោកដែរ គ្រាដែលក្លិប Arsenal ក៏បានសិក្សាឡើងវិញតាមរយៈប៉ុស្តិ៍ទូរទស្សន៍ CCTV ហើយសន្យាថា នឹងដាក់ទណ្ឌកម្មចំពោះអ្នកធ្វើរឿងនេះដូចគ្នា។

អ្នកនាំពាក្យក្លិបកាំភ្លើងធំមួយរូបបានថ្លែងប្រាប់ BBC ថា «នេះគឺករណីដែលមិនអាចទទួលយកបាន និងត្រូវតែផ្តន្ទាទោសឲ្យខានតែបាន»

តែយ៉ាងណា De Bruyne ដែលបានជួយឲ្យក្រុមការពារតំណែងជើងឯកឡើងឈរកំពូលតារាង Premier League វិញនោះ បានបង្ហោះរូបលោកនៅលើបណ្តាញសង្គមចេញពីទីលាន Emirates ដោយមានភ្ជាប់អត្ថន័យថា «beer anyone?» និងរូបផ្សេងទៀត ដែលមានរូបកែវហោះក្បែរគាត់ និងពាក្យថា «thanks» ទៀតផង៕