(អាមេរិក)៖ តារាសម្តែងជួរមុខ និងមានឈ្មោះបោះសំឡេងក្នុងវិស័យហូលីវូដ ដែលល្បីល្បាញតាមរយៈការសម្តែងក្នុងរឿង «Die Hard» ឆ្នាំ១៩៨៨ នោះ ត្រូវបានរាយការណ៍មកថា មានជំងឺវង្វេងវង្វាន់ ពោលគឺជិតមួយឆ្នាំ បន្ទាប់ពីតារារូបនេះ បានចូលនិវត្តន៍ពីការសម្តែង ដោយសារតែជំងឺម្យ៉ាង ឈ្មោះថា «aphasia» ប៉ះពាល់ដល់ខួរក្បាល ធ្វើឲ្យលោកគ្មានសមត្ថភាពសូម្បីតែការនិយាយស្តី ឬទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ នេះបើតាមការសំដីពីក្រុមគ្រួសាររបស់តារារូបនេះ និងត្រូវបានដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ 

ក្រុមគ្រួសាររបស់តារាវ័យ៦៧ឆ្នាំរូបនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើគេហទំព័រ «The Association for Frontotemporal Degeneration» យ៉ាងដូច្នេះថា «ចាប់តាំងពីយើងបានប្រកាសពីការធ្វើរោគវិនិច្ឆ័យរបស់ Bruce អំពីជំងឺ aphasia នៅនិទាឃរដូវឆ្នាំ២០២២ មក ស្ថានភាពរបស់ Bruce បានរីកចម្រើន ហើយឥឡូវនេះ យើងមានការធ្វើរោគវិនិច្ឆ័យជាក់លាក់មួយបន្ថែមទៀត ដោយបញ្ជាក់ថា លោកមានជំងឺវង្វេងវង្វាន់។ ជាអកុសល បញ្ហាប្រឈមជាមួយនឹងការប្រាស្រ័យទាក់ទង គឺគ្រាន់តែជារោគសញ្ញាមួយនៃជំងឺដែល Bruce ប្រឈមមុខ ខណៈដែលវាមានការឈឺចាប់ គឺទាមទារឲ្យមានការវិនិច្ឆ័យច្បាស់លាស់ ដើម្បីបានប្រសើរឡើង»

ជុំវិញការជូនដំណឹងទៅកាន់អ្នកគាំទ្រពីស្ថានភាពរបស់តារាសម្តែង Bruce, ក្រុមគ្រួសាររបស់តារារូបនេះសង្ឃឹមថា ការធ្វើរោគវិនិច្ឆ័យបន្ថែមទៀតទៅលើ Bruce Willis ដែលបច្ចុប្បន្នស្ថិតក្នុងវ័យ៦៧ឆ្នាំ នឹងនាំមកនូវការផ្តោតអារម្មណ៍បន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺខួរក្បាលនេះ។

គួរជម្រាបថា Willis ទទួលបានភាពល្បីល្បាញនៅអំឡុងឆ្នាំ ១៩៨០ ដោយស្នាដៃរបស់លោក គឺកំប្លែងរឿង «Moonlighting» និងបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តប្រហែល១០០ទៀត ទូទាំងអាជីពរយៈពេល ៤ទសវត្សរ៍របស់លោក។ លោកត្រូវបានគេស្គាល់ច្រើនតាមរយៈការដើរតួ ​ប៉ូលិស​ក្រុង​ញូវយ៉ក  John McClane ក្នុង​រឿង «Die Hard» ដែល​ចេញ​ពី​ឆ្នាំ ១៩៨៨ ដល់​ឆ្នាំ ២០១៣។ តារារូបនេះក៏ជាម្ចាស់ពានរង្វាន់ «Golden Globe» និងពាន «Emmys» ចំនួនពីរផងដែរ៕