(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានប្រកាសប្រមូលរថយន្តត្រឡប់ទៅវិញសរុបប្រមាណ ៣៦២,០០០គ្រឿងដោយសារមុខងារ Full Self-Driving (FSD) ឬមុខងារបើកបរដោយស្វ័យប្រវត្តិ នៅលើរថយន្តទាំងនេះដែលបានរកឃើញថាមានបញ្ហាអាចបង្កជាគ្រោះថា្នក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមឯកសារពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) បានឱ្យដឹងថាការប្រមូលត្រឡប់ទៅវិញនេះនឹងប៉ះពាល់ដល់រថយន្តជាច្រើនម៉ូដែលដោយក្នុងនោះរួមមាន Model S និង Model X ស៊េរីឆ្នាំ ២០១៦ ដល់ ២០២៣ Model 3 ស៊េរីឆ្នាំ ២០១៧ ដល់ ២០២៣ និង Model Y ស៊េរីឆ្នាំ២០២០ ដល់ ២០២៣។ ប្រភពដដែលបានបន្តទៀតថា បញ្ហាដែលឈានដល់ការប្រកាសប្រមូលរថយន្តត្រឡប់ទៅវិញក្នុងចំនួនដល់ច្រើននេះ មិនមែនសុទ្ធតែជួបបញ្ហាទាំងអស់នោះទេ គឺមានតែមួយចំនួនប៉ុណ្ណោះដែលបំពាក់ដោយកម្មវិធី FSD beta ដែលមានភាពមិនប្រក្រតី ដូច្នេះទើប Tesla សម្រេចប្រកាសប្រមូលទាំងអស់តែម្តងដើម្បីប្រាកដថា Model ទាំងប៉ុន្មាននេះនឹងមិនអាចធ្វេសប្រហែសដោយការត្រួតពិនិត្យ និងបណ្តាឱ្យមានគ្រោះថ្នាក់។

គួរបញ្ជាក់ដែរថា Tesla ចាប់ផ្តើមចេញផ្សាយការធ្វើបច្ចុប្បន្នភាពកម្មវិធី over-the-air ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមានលើរថយន្តរបស់ខ្លួនដោយមិនគិតថ្លៃក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕