(បរទេស)៖ លោកស្រី Susan Wojcicki នាយកប្រតិបត្តិ (CEO) YouTube និងជាបុគ្គលិកដំបូងគេបំផុតរបស់ Google បាននិងកំពុងចុះចេញពីតំណែង បន្ទាប់ពីគាត់បានបម្រើការងារនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកមួយនេះអស់រយៈពេល ២៥ឆ្នាំ។ នេះបើយោងតាម​ការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមការចេញផ្សាយរបស់ឱ្យដឹងថា ការចាកចេញរបស់លោកស្រី Wojcicki មិនត្រូវបានបញ្ជាក់លម្អិតពីមូលហេតុនោះទេ គ្រាន់តែដឹងថា លោក Neal Mohan នឹងឡើងកាន់តំណែង CEO របស់ YouTube ជំនួសលោកស្រី Wojcicki ។

លោក Neal Mohan បានចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Google កាលពីឆ្នាំ២០០៨ និងត្រូវបានតែងតាំងជាប្រធានផ្នែក​ផលិតផលនៅ YouTube កាលពីឆ្នាំ ២០១៥ ខណៈដែលបច្ចុប្បន្នគឺជាអគ្គនាយករង​ និងជាបុគ្គលិកជាន់ខ្ពស់នៅក្នុងក្រុមហ៊ុន YouTube។

ពីមុនលោក Neal Mohan បានចំណាយពេលជិត ៦ឆ្នាំ នៅក្នុងក្រុមហ៊ុនផ្ដល់សេវាកម្ម​ផ្សព្វផ្សាយពាណិជ្ជកម្មតាមអនឡាញ DoubleClick ដែលជាក្រុមហ៊ុនមួយ ត្រូវបានទិញដោយ Google កាលពីឆ្នាំ ២០០៨ ហើយក្រោយមកបានបម្រើការប្រហែល ៨ឆ្នាំជាអនុប្រធានជាន់ខ្ពស់ផ្នែកវីដេអូផ្សាយពាណិជ្ជកម្មនៅ Google។

លោកស្រី Wojcicki ជាស្ត្រីលេចធ្លោបំផុតម្នាក់ក្នុងវិស័យបច្ចេកវិទ្យា និងបាននិយាយថា ការចាកចេញនេះគឺដើម្បីផ្តោតលើការងារ «គ្រួសារ សុខភាព និងផ្ទាល់ខ្លួន» ប៉ុន្តែលោកស្រីនឹងបន្តតួនាទីជាទីប្រឹក្សានៅ Alphabet៕