(ក្រចេះ)៖ សាកលវិទ្យាល័យក្រចេះ នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំនូវសិក្ខាសាលាស្តីពី «តើអ្វីទៅជា ការសិក្សាជលផល ស្តង់ដារ ឬនិយាម សម្រាប់ការធ្វើបទបង្ហាញបែបវិទ្យាសាស្ត្រនៅក្នុងសន្និសីទជាតិ និង អន្តរជាតិ» រយៈពេល ១ថ្ងៃ ក្រោមកិច្ចសហការរវាងអង្គការ Food and Agriculture Organization of the United Nation ហៅកាត់ (FAO) តាមរយៈគម្រោង «កម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចិរភាពនិងបរិយាប័ន្ន សមាសភាពការនេសាទ (CAPFISH-Capture)»

សិក្ខាសាលានេះ មានគោលបំណងសំខាន់ដើម្បីចូលរួមអភិវឌ្ឍសមត្ថភាពនិស្សិតរបស់សាកលវិទ្យាល័យក្រចេះ ទៅលើបច្ចេកទេស ក្នុងការរៀបចំ និងរចនាបទបង្ហាញបែបវិទ្យាសាស្ត្រទាក់ទងនឹងវិស័យជលផលនៅក្នុងសន្និសីទជាតិ និងអន្តរជាតិ ដែលដឹកនាំដោយសាស្ត្រាចារ្យ Eric Baran។

នៅក្នុងកម្មវិធីសិក្ខាសាលារយៈពេល១ថ្ងៃនេះ សិក្ខាកាមទាំងអស់មិនត្រឹមតែទទួលបាននូវទ្រឹះស្តី និងបច្ចេកទេសពាក់ព័ន្ធជាមួយនឹងការរៀបចំ និងរចនាបទបង្ហាញប៉ុណ្ណោះទេ ក៏ប៉ុន្តែសិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹងផ្សេងៗទៀតមួយចំនួនពាក់ព័ន្ធនឹងវិស័យជលផលនៅក្នុងប្រទេសកម្ពុជាផងដែរ។ ដើម្បីបន្តអភិវឌ្ឍសមត្ថភាពនិស្សិតរបស់សាកលវិទ្យាល័យក្រចេះ គម្រោង CAPFISH-Capture នឹងរៀបចំនូវសិក្ខាសាលាចំនួន១៣វគ្គផ្សេងទៀត លើប្រធានបទពាក់ព័ន្ធនឹងវិស័យជលផលផងដែរ។

សូមគូសបញ្ជាក់ថា ដើម្បីពង្រឹងគុណភាព និងគុណតម្លៃនៃការបណ្តុះបណ្តាលដល់សិស្ស-និស្សិត និងការបង្កើតនូវឱកាសសិក្សារបស់និស្សិត លើជំនាញបច្ចេកទេសនានា សាកលវិទ្យាល័យក្រចេះ បានខិតខំប្រឹងប្រែងរៀបចំនូវវគ្គបណ្តុះបណ្តាល ក៏ដូចជាសិក្ខាសាលានានា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិច្រើន ហើយបច្ចុប្បន្ននេះ សាកលវិទ្យាល័យក្រចេះ បានទទួលសិស្សឱ្យចូលរៀនបានចំនួន ០៥ជំនាន់រួមមកហើយ ដែលកំពុងសិក្សាជំនាញវិទ្យាសាស្រ្តកសិកម្ម, កសិឧស្សាហកម្ម, វិទ្យាសាស្រ្តសត្វ និងបសុពេទ្យ, មច្ឆវិទ្យា និងគ្រប់គ្រងធុរៈកិច្ចជាដើម។

តាមរយៈបទបង្ហាញរបស់វាគ្មិនខាងលើនេះ សិស្សនិស្សិតជាសិក្ខាកាមទាំងអស់បានសម្តែងនូវការចាប់អារម្មណ៍ និងបានចូលរួមសាកសួរព័ត៌មាន ពិភាក្សា ដើម្បីទទួលយកនូវចំណេះដឹងបន្ថែមក្នុងកម្មវិធីនេះយ៉ាងសកម្ម។ ជាពិសេសសិក្ខាកាមទាំងអស់នឹងនាំយកនូវចំណេះដឹងទាំងនេះ យកទៅផ្សព្វផ្សាយ និងចែករំលែកបន្ត ទៅនិសិ្សតផ្សេងទៀតនាពេលអនាគត់៕