(ភ្នំពេញ)៖ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា មានមោទនភាព ក្នុងការប្រកាសពីភាពជាដៃគូសហការថ្មី ជាមួយអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) ក្នុងគោលបំណងជួយដល់ការអប់រំនៅតាមភូមិដាច់ស្រយាល និងក្រីក្រនៅក្នុងប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខានេះបានធ្វើឡើងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅការិយាល័យកណ្តាល អេស៊ីលីដា ភីអិលស៊ី ក្រោមវត្តមាន នាយកប្រតិបត្តិជាន់ខ្ពស់មកពីស្ថាប័នទាំងពីរ។

ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងធំជាងគេរបស់កម្ពុជា ដែលមានទ្រព្យសម្បត្តិជាង២០០លានដុល្លារ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យសហគមន៍របស់ខ្លូន កាន់តែមានការអភិវឌ្ឃន៏ទៅមុខ។

ការចុះកិច្ចព្រមព្រៀងជាមួយអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ គឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ ព្រូដិនសល ចំពោះការអប់រំ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ បានបង្កើតឡើងក្នុង ខែឧសភា ឆ្នាំ២០១៧ ហើយចាប់តាំងពីបង្កើតទ្បើងមក អង្គការមូលនិធិ បានចូលរួមធ្វើសកម្មភាពសង្គម និងមនុស្សធម៌ ដោយផ្តោតសំខាន់លើការសាងសង់ អគារបឋមសិក្សានៅក្នុងខេត្តចំនួន៥ក្នុងប្រទេសកម្ពុជា។

អង្គការមូលនិធិនេះគ្រោងនឹងសាងសង់សាលាបឋមសិក្សាចំនួន៣ បន្ថែមទៀតនៅឆ្នាំ២០២៣ ដែលជាសាលាទី៩ និងទី១០ និងទី១១ នៅខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែងថា «ការអប់រំដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពក្នុង ប្រទេសកម្ពុជា។ ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក្នុងការគាំទ្រអង្គការមូលនិធិអេស៊ីលីដា-ចារឌីន សម្រាប់ការអប់រំ ជាសក្ខីកម្មមួយបង្ហាញពីការ ប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យ អប់រំនៅកម្ពុជា»

លោក Sanjay Chakrabarty អគ្គនាយក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានថ្លែងថា «ព្រូដិនសលកម្ពុជាមានកិត្តិយស និងរីករាយយ៉ាងខ្លាំងដែលបានចូលរួមជាមួយ អង្គការមូលនិធិអេស៊ីលីដា-ចារឌីន សម្រាប់ការអប់រំ ក្នុងការលើកកម្ពស់ការអប់រំនៅតាមភូមិដាច់ស្រយាល និងក្រីក្រឲ្យកាន់តែមានភាពប្រសើរជាងមុន។ ការអប់រំគឺជាមូលដ្ឋានគ្រឹះនៃ អនាគតដ៏ល្អប្រសើរយើងប្តេជ្ញាថា នឹងធ្វើឱ្យសហគមន៍របស់យើងកាន់តែមានការអភិវឌ្ឃន៏ទៅមុខ»

លោកបានបន្ដថា ១ទស្សវត្សរ៍នៃភាពជាដៃគូអាជីវកម្មប៊េងកាសួរេនរវាងក្រុមហ៊ុន ព្រូដិនសលកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានអតិថិជនជាង២០០ ០០០នាក់ និងបានអនុម័តលើការទាមទារសំណងជាង១៤លានដុល្លារ គិតត្រឹម ខែធ្នូ ឆ្នាំ២០២២ នេះបង្ហាញពីប្រសិទ្ធភាពនៃភាពជាដៃគូយុទ្ធសាស្រ្ត រវាងក្រុមហ៊ុនទាំងពីរ ក្នុងការការពារគ្រួសារកម្ពុជា និងជួយពួកគេឱ្យរីកចម្រើនទៅមុន។ ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ភាពជាដៃគូអាជីវកម្មនេះ ស្របពេលដែលឈាន ដល់មួយទសវត្សរ៍នៃការការពារ និងធានាអនាគតហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា។

លោកបណ្ឌិត ព្រំ វិសុទ្ធ ប្រធានគណៈកម្មាធិការប្រតិបត្តិ នៃអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) បានថ្លែងថា «យើងមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំង ក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុនព្រូដិនសលកម្ពុជា លើគំនិតផ្តួចផ្តើមដ៏សំខាន់នេះ ការគាំទ្រពីក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងជួយបេសកកម្មរបស់យើង ក្នុងការផ្តល់ការអប់រំកម្រិតមូលដ្ឋាន ដើម្បីធ្វើឱ្យប្រសើរឡើងនីវគុណភាព នៃជីវិតដល់កុមារនៅតាមភូមិដាច់ស្រយាល និងក្រីក្រក្នុងប្រទេសកម្ពុជា»

ក្រុមហ៊ុនព្រូដិនសលកម្ពុជា បាននឹងកំពុងប្រារព្ធខួប១៧៥ឆ្នាំ នៃការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត ការធានារ៉ាប់រងសុខភាព និងការគ្រប់គ្រងទ្រព្យសម្បត្តិ នៅទូទាំងពិភពលោកហើយប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ និងគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុនមានមោទនភាពដែលបានចូលរួមជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងអនាគតដ៏ភ្លឺស្វាង សម្រាប់ប្រជាជនកម្ពុជា តាមរយៈការអប់រំ និងស្ថេរភាពហិរញ្ញវត្ថុ។